លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ ៖ កម្ពុជាគង់តែស្គាល់ភាពរុងរឿង ដូចសិង្ហបុរី បើរក្សាបានសន្តិភាព ស្ថិរភាព និងប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ច ទៅមុខជាបន្តបន្ទាប់
ភ្នំពេញ ៖ លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាគង់តែស្គាល់ភាពរុងរឿងដូចសិង្ហបុរីសព្វថ្ងៃ ប្រសិនបើរក្សាបានសន្តិភាព ស្ថិរភាព និងប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចទៅមុខជាបន្តបន្ទាប់។
ការថ្លែងរបស់អ្នកជំនាញភូមិសាស្ត្រនយោបាយជើងចាស់រូបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅប្រទេសសិង្ហបុរី រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។
នាឱកាសនោះ លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ បានលើកឡើងថា កម្ពុជាអាចយកចំណុចខ្លាំងៗរបស់សិង្ហបុរីមកសិក្សា ហើយពិចារណាក្នុងការអនុវត្តតាមក្នុងកម្រិតណា ដើម្បីរួមចំណែកជួយឱ្យសេដ្ឋកិច្ចរបស់ខ្លួនបន្តការរីកចម្រើន។
លោក បានបន្តថា តាំងពីឆ្នាំ១៩៦៥មក សិង្ហបុរីជាប្រទេសមួយដែលមិនដែលស្គាល់សង្គ្រាម សូម្បីតែអស្ថិរភាពនយោបាយ ក៏សិង្ហបុរីមិនដែលប្រទះដែរ។ ប្រសិនបើចង់ទាញមេរៀនមួយសំខាន់ពីសិង្ហបុរី ប្រជាជនខ្មែរគួរយល់ថា សន្តិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។
លោក ហ្សង់ហ្វ្រង់ស្វ័រ បានបន្តទៀតថា «ប្រសិនបើប្រទេសសិង្ហបុរីលង់ខ្លួនដូចកម្ពុជាទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទី២ ក្រោយមកឆ្លងកាត់របបប្រល័យពូជសាសន៍ រួចហើយឆ្លងកាត់សង្គ្រាមឥណ្ឌូចិនលើកទី៣ ទៀតនោះ ម្ល៉េះសមប្រទេសនេះក៏នឹងរងទុក្ខវេទនាខ្ទេចខ្ទីដូចប្រទេសកម្ពុជាអីចឹងដែរ ម្ល៉ោះហើយបើចង់រៀនតាមសិង្ហបុរី ចូរនាំគ្នារក្សាសន្តិភាព ស្ថិរភាពនយោបាយ ឱ្យតម្លៃដល់សណ្ដាប់ធ្នាប់សង្គម និងប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចប្រទេស»។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បានបង្ហាញការជឿជាក់ថា ប្រសិនបើធ្វើបែបនេះបានដូចសិង្ហបុរី នៅទីបំផុត កម្ពុជាគង់តែស្គាល់ភាពរុងរឿងដូចប្រទេសគេឯងជាក់ពុំខាន៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ