រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកទឹកចិត្តសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា ចូលរួមពង្រីកការវិនិយោគនៅកម្ពុជា និងពាណិជ្ជកម្មរវាង កម្ពុជា-ចិន
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា ក៏ដូចជាសមាជិកទាំងអស់ពង្រីកការវិនិយោគនៅកម្ពុជា និងពាណិជ្ជកម្មរវាងកម្ពុជា-ចិន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាពក្នុងសង្គមកម្ពុជា។
ការលើកទឹកចិត្តនេះធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី៥ និងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាអាណត្តិទី៣ នៃសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា នារាត្រីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ នៅសាលសន្និបាតនិងពិព័រណ៍ជ្រោយចង្វា។ ពិធីនេះក៏មានការចូលរួមពីលោក ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគបាលជាតិ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អ្នកឧកញ៉ា សំ អាង ព្រមទាំងគណៈអធិបតី និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឧបនាយករដ្ឋមន្ត្រី ស សុខា បានគាំទ្រលើកទឹកចិត្តដល់សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា បន្តបេសកកម្មជំរុញការពង្រីកទំនាក់ទំនងរវាងកម្ពុជានិងចិន និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចការសុខុមាលភាពក្នុងសង្គមកម្ពុជា។
តាមរយៈទំនាក់ទំនងជិតស្និទ្ធបំផុតរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន លោក ស សុខា បានលើកទឹកចិត្តឱ្យអ្នកវិនិយោគដែលជាសមាជិកនៃសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា ចូលរួមពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីរួមចំណែកដល់ការរឹតចំណងមិត្តភាពកម្ពុជា-ចិននាពេលបច្ចុប្បន្ន និងអនាគត។
លោកប្រធាន ឯក សំអុល ក៏បានលើកឡើងថា សមាគមមិត្តភាពកម្ពុជា-ចិនត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា និងបណ្ដាដៃគូនានា ដើម្បីផ្ដល់អត្ថប្រយោជន៍កាន់តែច្រើនថែមទៀតដល់ប្រជាជន។
ប្រធានសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា លោក អ៊ូ ជីងគិន (WU Jingen) បានបញ្ជាក់ថា ក្នុងនាមជាអង្គការសង្គមស៊ីវិល សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងដំណាក់កាលដ៏ធំនៃការផ្លាស់ប្ដូរប្រជាជនរវាងប្រទេសចិន និងកម្ពុជា ជាពិសេសក្នុងការធ្វើឱ្យស៉ីជម្រៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំងពីរ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ