ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសឱ្យអនុវត្តជាផ្លូវការ កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

សូមបញ្ជាក់ថា នេះគឺជាការងារអាទិភាពទី២ និងទី៣ នៃការងារអាទិភាពចំនួន ៦ ក្នុងឆ្នាំ២០២៣ ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត កាលពីថ្ងៃ២៩ ខែសីហា ឆ្នាំ២០២៣ សំដៅបង្កើនប្រាក់ចំណូល ការធានាលក្ខខណ្ឌការងារល្អប្រសើរ ការពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ កិច្ចគាំពារសង្គម និងជំនាញវិជ្ជាជីវៈជូនបងប្អូនកម្មករ និយោជិត និងក្រុមគ្រួសារ។

លើសពីនេះ ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម តាមគោលការណ៍ស្ម័គ្រចិត្តនាពេលនេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមសម្រាប់កម្ពុជា ដែលបានប្រែក្លាយសេចក្តីប្រាថ្នារបស់បុគ្គលស្វ័យនិយោជន៍ភាគច្រើន ដែលចង់ចូលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម ក៏ដូចជាក្តីប្រាថ្នារបស់កម្មករនិយោជិតភាគច្រើន ដែល ចង់ឱ្យអ្នកនៅក្នុងបន្ទុករបស់ខ្លួនអាចទទួលបានការធានារ៉ាប់រងសុខភាពដូចខ្លួនដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ