សិង្ហបុរី ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ជា វុទ្ធី អគ្គលេខាធិការក្រុមប្រឹក្សាវិនិយោគកម្ពុជា បានអញ្ជើញជាអធិបតីជាមួយថ្នាក់ដឹកនាំធុរកិច្ចសិង្ហបុរី-កម្ពុជា និងទទួលទានអាហារពេលព្រឹកជាភ្ញៀវកិត្តិយស នៅព្រឹកថ្ងៃទី១៩ មិថុនា ២០២៤។ ពិធីនេះរៀបចំដោយអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group និងលោកបណ្ឌិត Robert Yap ប្រធានក្រុមប្រឹក្សាភិបាល YCH Group និងជាប្រធាន SCALA។



អាហារពេលព្រឹករបស់ថ្នាក់ដឹកនាំធុរកិច្ចសិង្ហបុរី-កម្ពុជា គឺជាវេទិកាមួយសម្រាប់អ្នកដឹកនាំធុរកិច្ចមកពីប្រទេសទាំងពីរ ដើម្បីពិភាក្សា និងស្វែងរកកិច្ចសហការ និងឱកាសរីកចម្រើនបន្ថែមទៀពិសេស វត្តមានចូលរួមពីសំណាក់អាជីវកម្មដែលទាក់ទងនឹងវិស័យភស្តុភារ។ ព្រឹត្តិការណ៍នេះ បានបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងសិង្ហបុរី និងកម្ពុជា និងសក្តានុពលសម្រាប់ផលប្រយោជន៍ទៅវិញទៅមកក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងវិស័យភស្តុភារ។



បន្ទាប់ពីទទួលទានអាហារពេលព្រឹក ក្នុងការជំរុញច្រវាក់ផ្គត់ផ្គង់ និងវិស័យភស្តុភារក្នុងប្រទេសកម្ពុជា សាលាបណ្ដុះបណ្ដាលផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្ដភារ Supply Chain and Logistics Academy (SCALA) Singapore និង ក្រុមហ៊ុន PPLC Superport & Industrial Co., LTD. (កម្ពុជា) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីផ្តល់ការបណ្តុះបណ្តាលដ៏ទូលំទូលាយដល់សិក្ខាកាមកម្ពុជារហូតដល់ ៣០០ នាក់ នៅប្រទេសសិង្ហបុរី ដោយបំពាក់បំប៉នឱ្យពួកគេនូវជំនាញ និងចំណេះដឹង ដែលត្រូវការ ដើម្បីមានសមត្ថភាពបម្រើការងារនៅក្នុងវិស័យខ្សែច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មដឹកជញ្ជូន ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ វគ្គបណ្តុះបណ្តាលនេះនឹងគ្របដណ្តប់លើផ្នែកផ្សេងៗ រួមទាំងប្រតិបត្តិការអាជីវកម្ម ការអភិវឌ្ឍអាជីវកម្ម ការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ បច្ចេកវិទ្យា និងបរិបទខ្សែច្រវាក់ផ្គត់ផ្គង់សកល។



MoU ត្រូវបានចុះហត្ថលេខាដោយលោក Allen Dodgson Tan តំណាងឱ្យក្រុមហ៊ុន PPLC និងលោក Ian Dyason នាយកប្រតិបត្តិនៃ SCALA នៅចំពោះមុខ លោកស្រី ចម និម្មល និងលោក ជា វុទ្ធី។ ក្រោយការចុះហត្ថលេខាឯកសារចុះអនុស្សរណៈយោគយល់គ្នានេះ ក៏ត្រូវបានតំណាងក្រុមហ៊ុនទាំងពីរប្រគល់ផ្លាស់ប្តូរទៅវិញទៅមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងវេទិកាធុរកិច្ចសិង្ហបុរី-កម្ពុជា។



លោក Ian Dyason នាយកប្រតិបត្តិក្រុមហ៊ុន SCALA មានប្រសាសន៍ថា «MOU នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់យើងក្នុងការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ និងវិស័យភ័ស្តុភាររបស់កម្ពុជា។ តាមរយៈភាពជាដៃគូនេះ យើងនឹងផ្តល់ឱកាសដល់វិស័យភស្ដុភាររបស់កម្ពុជាក្នុងការបណ្តុះបណ្តាលកម្លាំងពលកម្មរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី ដោយផ្តល់ឱ្យពួកគេនូវជំនាញដែលត្រូវការដើម្បីរីកចម្រើននៅក្នុងឧស្សាហកម្មដ៏ស្វាហាប់នេះ»។


លោក Allen Dodgson Tan បានបន្ថែមថា «ភាពជាដៃគូនេះជាមួយ SCALA គឺជាសក្ខីភាពមួយ ចំពោះការយកចិត្តទុកដាក់របស់ក្រុមហ៊ុន PPLC ក្នុងការជំរុញកំណើន និងការអភិវឌ្ឍក្នុងឧស្សាហកម្មភស្តុភាររបស់កម្ពុជា។ យើងមានទំនុកចិត្តថា កិច្ចសហប្រតិបត្តិការនេះនឹងមានឥទ្ធិពលវិជ្ជមានយូរអង្វែងលើខ្សែសង្វាក់ផ្គត់ផ្គង់ និងសមត្ថភាពដឹកជញ្ជូនរបស់កម្ពុជា»៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ