ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័តហិរញ្ញប្បទាន ៩៣.៦លានដុល្លារដល់កម្ពុជា ដើម្បីគាំទ្រការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យនៅតំបន់ជនបទ
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៩៣.៦លានដុល្លារ ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ន នៅទីជនបទសម្រាប់ ៨៨,០០០គ្រួសារ ក្នុងភូមិចំនួន ៤00 នៃឃុំចំនួន៥០ ក្នុងប្រាំបួនខេត្ត នៃប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ ADB។
កម្មវិធីអភិវឌ្ឍន៍វិស័យ ដើម្បីលើកកម្ពស់ការផ្តត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន នៅតំបន់ជនបទនេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់លទ្ធភាពទទួលបាន ជាសកលនូវការផ្គត់ផ្គង់ទឹក និងសម្ភារៈអនាម័យ ដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាព នៅតំបន់ជនបទ និងធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន គ្រឿងបរិក្ខាររក្សាអនាម័យ ដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាព រួមជាមួយតម្លៃសមរម្យសម្រាប់សេវាទាំងនោះ។
កម្មវិធីនេះ នឹងលើកកម្ពស់ ការចូលរួមរបស់វិស័យឯកជន ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកមានសុវត្ថិភាព។ វាក៏មានគោលបំណងធានាភាពធន់នឹងអាកាសធាតុនៃគ្រឿងបរិក្ខារ WASH តាមរយៈការបន្ថែម គំនិតកាន់តែច្រើន អំពីការប្រែប្រួលអាកាសធាតុទៅក្នុងការធ្វើផែនការ ការរចនា និង ការអនុវត្តកម្មវិធី។ កម្មវិធីនេះនឹងពង្រឹងការសម្របសម្រួលក្នុងចំណោមភាគីពាក់ព័ន្ធ និង ការធ្វើវិមជ្ឈការមុខងារ ដើម្បីធានា បាននូវការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព។
លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានថ្លែងថា «កម្មវិធីនេះគាំទ្រ WASH ដើម្បីទាំងអស់គ្នា ដោយផ្តល់អាទិភាពដល់ ប្រជាពលរដ្ឋរស់នៅតំបន់ដាច់ ស្រយាល។ វាមានបញ្ចូលកំណែទម្រង់ ដើម្បីពង្រឹងអភិបាលកិច្ចក្នុងការចាត់ចែងបរិក្ខារ WASH ដែល គ្រប់គ្រងដោយសហគមន៍ និង ពង្រីកវិសាលភាពការធ្វើផែនការ របស់រាជរដ្ឋាភិបាល ដើម្បីនិរន្តរភាព និង ភាពធន់នឹងអាកាសធាតុ»៕