ធនាគារអភិវឌ្ឍន៍អាស៊ី បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ពី៦.១% មក៤.៩% សម្រាប់ឆ្នាំ២០២៥ និងពី៦.២% មក៥.០% សម្រាប់ឆ្នាំ២០២៦
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជាពី៦.១% មក៤.៩% សម្រាប់ឆ្នាំ ២០២៥ និងពី៦.២% មក៥.០% សម្រាប់ឆ្នាំ២០២៦ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ច ទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា របាយការណ៍របស់ ADB មានការរំពឹងទុកអំពីកំណើនរឹងមាំដល់ឆ្នាំ ២០២៦ ដែលជំរុញដោយការបន្តលូតលាស់ នៃវិស័យឧស្សាហកម្ម និងលំហូរចូលជាបន្តបន្ទាប់ នៃការវិនិយោគផ្ទាល់ពីបរទេស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB។
នាយិកា ADB ប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma បានថ្លែងថា «សេដ្ឋកិច្ចបានបង្ហាញពីភាពធន់ ក្នុងឆមាសទីមួយនៃឆ្នាំ២០២៥។ កំណើនទាបជាងការរំពឹងទុក នៃថ្លៃម្ហូបអាហារ និងការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈ បានជួយបន្ទាបអតិផរណា ខណៈដែលសកម្មភាពឧស្សាហកម្មបន្តមានភាពរឹងមាំ»។
លោកស្រី បានបន្ថែមថា «នាពេលខាងមុខ វាមានឱកាសសម្រាប់ការបន្តងើបឡើងវិញនៃវិស័យសំណង់ និងទេសចរណ៍ ជាមួយនឹងកំណើនជាបន្តបន្ទាប់នៃវិស័យកសិកម្ម ដែលទាំងនេះបង្ហាញពីកំណើនប្រកបដោយតុល្យភាព និងនិរន្តរភាព»។
យោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់ ADB ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែកញ្ញា ឆ្នាំ២០២៥ អតិផរណាឆ្នាំលើឆ្នាំបានធ្លាក់ចុះខ្លាំងពី ៦.០% ក្នុងខែមករា មកត្រឹម១.៦% ក្នុងខែមិថុនា។ អតិផរណាត្រូវបានរំពឹងថា នឹងមានជាមធ្យមប្រម៉ាណ២.០% ទាំងនៅក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦។
វិស័យឧស្សាហកម្មនឹងនៅតែជាម៉ាស៊ីនសេដ្ឋកិច្ចនាំមុខគេ។ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ បានកើនឡើង ២២.២% ឆ្នាំលើឆ្នាំ សម្រាប់ឆមាសទីមួយឆ្នាំ ២០២៥ ដែលមួយផ្នែកបានជំរុញដោយអ្នកទិញរបស់អាមេរិក ដែលបានបង្កើនការទិញទុកជាមុន ដោយក្តីបារម្ភពីការដំឡើងពន្ធលើការនាំចូលផលិតផលពីកម្ពុជា៕