រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យដំណើរការជំហានដំបូងនូវផ្លូវថ្មើជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង នៅថ្ងៃទី១ កុម្ភៈ
ភ្នំពេញ ៖ ផ្លូវថ្មើជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង (ផ្លូវលេខ២៤០) រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការជាជំហានដំបូង នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ ដោយចាប់ផ្តើម នៅរៀងរាល់ល្ងាច ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង១១យប់ ។
នេះបើតាមការបង្ហាញឲ្យដឹង ក្នុងកិច្ចប្រជុំជាថ្មីទៀត ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំផ្លូវថ្មើរជើង (Walkstreet) ខាងលើនេះ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានថ្លែងថា ផ្លូវថ្មើរជើងនេះ យើងមានគម្រោងយូរមកហើយ ពោលគឺតាំងពីឆ្នាំ២០១៩មកម្ល៉េះ ដោយសារស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យគម្រោងនេះ ផ្អាកដំណើរការសិន។ ប៉ុន្តែបន្ទាប់ពីមានការ ណែនាំរបស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញ ការងារឱ្យផ្លូវថ្មើរជើងនេះ ដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាងទាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឱ្យបានច្រើន។
លោក ឃួង ស្រេង បានបញ្ជាក់ថា គម្រោងនេះត្រូវតែចេញដំណើរការ នៅថ្ងៃទី០១កុម្ភៈឆ្នាំ២០២៥ខាងមុខនេះ ដោយជាជំហានដំបូង យើងបើកផ្លូវថ្មើរជើងនេះ នៅរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់។ជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនារាជធានីភ្នំពេញ ឱ្យកាន់តែច្រើនថែមទៀត។
គម្រោងផ្លូវថ្មើជើង (Walk street) ត្រូវបិទបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ រៀបចំបង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ការលក់ដូរនៅលើតម្រាយផ្លូវនេះ ឱ្យបានល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។ នៅមុនឈានទៅដល់ថ្ងៃបើកនាថ្ងៃទី០១ កុម្ភៈ យើងត្រូវធ្វើជូនដំណឹង ដើម្បីណែនាំប្រជាពលរដ្ឋរស់នៅតំបន់នេះ ឱ្យបានយល់ពីគម្រោងនេះ។
អាជ្ញាធរត្រូវរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ ជាមួយនឹងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយដាក់មីក្រូស្រែកបំពងសំលេង កុំឱ្យយានយន្តចូល ពេលបើកដំណើរការ នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ គិតគូរពី អនាម័យបរិស្ថាន អ្នកលក់ដូរ។ ដោយសារប្រជាពលរដ្ឋកំពុងទន្ទឹងរងចាំគម្រោងនេះ។ ក្រោយបើកឱ្យដំណើរការ យើងនឹងសង្កេតជាមួយនិងការដកបទពិសោធន៍ ដើម្បីកែលំអរផ្លូវថ្មើរជើង(Walk street) នេះឱ្យកាន់តែល្អប្រសើរថែមទៀត៕EB