រថយន្តមួយគ្រឿងបើកបរក្នុងស្ថានភាពភ្លៀងនិងរអិល ផងនោះ បានបុកម៉ូតូមួយគ្រឿងទាំងកម្រោលបណ្តាលអោយមួយគ្រួសារមានគ្នា៣នាក់ គឺ ឪពុកម្តាយ និង កូនតូច ស្លាប់ទាំងអស់។ គ្រោះថ្នាក់ចរាចរណ៍ នេះ កើតឡើងកាលពីព្រលប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៧ ភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។

លោកឧត្តមសេនីយ៍ត្រី ហន ប៉ូច ស្នងការរងទទួលបន្ទុកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តកាមេរី មួយគ្រឿង ពាក់ផ្លាកលេខ ព្រះសីហនុ 2A-2100 ដែលបានបើកបរលើសល្បឿន និង ជ្រុលទៅបុកម៉ូតូជនរងគ្រោះដែលជិះគ្នា៣នាក់ ក្នុងទិសដៅបញ្រ្ចាសគ្នា ហើយបានបុកផ្លោងខ្ទាតស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង។ លោកបន្តថា ជនរងគ្រោះរស់នៅឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ ។ ក្រោយបង្កហេតុ អ្នកបើករថយន្តបានគេចខ្លួន។

ប៉ុន្តែទោះបីយ៉ាងណា នគរបាលបានកំណត់អត្តសញ្ញាណយ៉ាងច្បាស់ និងកំពុងតែស្រាវជ្រាវដើម្បីមានវិធានការតាមផ្លូវច្បាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ