នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បំភ្លឺករណីម្ចាស់ចិញ្ចៀនប្ដឹងអ្នករើសចិញ្ចៀន បន្ទាប់ពីផ្ទុះការរិះគន់
ដើម្បីជៀសវវាងការយល់ច្រឡំ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីបំភ្លឺ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ថា ក្រុមព័ត៌មាន និងប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ មានកិត្តិយសសូមបំភ្លឺជូនសាធារណៈជន បងប្អូនអ្នកសារព័ត៌មានឲ្យបានជ្រាប អំពីករណីលួចជញ្ជៀនពេជ្រ និងជំរិតទារប្រាក់ ចំនួន៦០០ដុល្លារ ដែលមានដើមបណ្ដឹងឈ្មោះ យឹម វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ។
កាលពីយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ឈ្មោះ យឹម វុទ្ធី បានជ្រុះបាត់ជញ្ចៀនពេជ្រ១វង់ដែលមានតម្លៃ ២,៦៥៤ដុល្លារ ពេលដែលចតឡាននៅជិតផ្ទះ។ ដល់ពេលព្រឹកឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ឈ្មោះ យឹម វុទ្ធី បានរកជញៀនដែលខ្លួនពាក់នៅនឹងដៃពុំឃើញ ហើយបានទៅរកដែលខ្លួនចតឡាន នាពេលយប់នោះពុំឃើញសោះ។
ក្រោយមកឈ្មោះ យឹម វុទ្ធី ក៏សុំ Camara សុវត្ថិភាពម្ចាស់ផ្ទះ (រើសជញ្ចៀនបាន) តែត្រូវម្ចាស់ផ្ទះបដិសេធ ដោយសំអាងថា Camera សុវត្ថិភាពខូច ហេតុនេះហើយលោកបានទៅសុំ Camera សុវត្ថិភាពអ្នកជិតខាងម្នាក់ទៀតដើម្បី ពិនិត្យតាមដានរកអ្នកដែលរើសយកជញ្ជៀន។ ក្នុង Camera សុវត្ថិភាពបានថតជាប់សកម្មភាពរបស់ ឈ្មោះ ជើង សៀមឆេង (ជាម្ដាយរបស់ឈ្មោះ សេង កុសែន និងប្រពន្ធឈ្មោះ លី ស្រីអូន) រើសយកជញ្ជៀន។
ពេលនោះឈ្មោះ យឹម វុទ្ធី បានទៅជួបឈ្មោះ ជើង សៀមឆេង សាកសួរអំពីជញ្ជៀន តែត្រូវគាត់បានប្រាប់ថា គាត់ពិតជារើសបានជញ្ជៀននោះប្រាកដមែន តែគាត់បានប្រគល់ឲ្យទៅកូនប្រុសរបស់គាត់ឈ្មោះ សេង កុសែន បាត់ទៅហើយ ក្រោយមកលោកបានជួបជាមួយប្រពន្ធ សេង កុសែន ឈ្មោះ លី ស្រីអូន សុំលេខទូរសព្ទទំនាក់ទំនងដើម្បីសុំជញ្ជៀនវិញ តែគាត់ពុំព្រមឲ្យលេខទូរស័ព្ទប្ដីគាត់ឡើយ។
បន្ទាប់ពីឈ្មោះ យឹម វុទ្ធី បានទទូចសុំលេខប្ដីគាត់ជាច្រើនលើករួចមកគាត់បានខលទៅប្ដីគាត់ ដើម្បីឲ្យប្ដីគាត់ខលត្រឡប់មកវិញ ពេលនោះឈ្មោះ សេង កុសែន បានប្រាប់ថា គាត់បានលក់ជញ្ជៀននោះ ឲ្យទៅមិត្តភក្ដិគាត់ក្នុងតម្លៃ៦០០ដុល្លារ ហើយបើចង់បានជញ្ជៀននោះវិញ គឺតម្រូវឲ្យលោកបង់លុយតាមរយៈធនាគា ABA ចំនួន៦០០ដុល្លារ ដើម្បីឈ្មោះ សេង កុសែន យកប្រាក់ទៅប្រគល់ឲ្យទៅមិត្តភ័ក្រខ្លួនវិញ ពេលនោះឈ្មោះ យឹម វុទ្ធី បានសួរគាត់ថាមិត្តភក្ដិគាត់នៅទីណា, ឈ្មោះអីក៏គាត់មិនប្រាប់ដែរ គឺគាត់មានចេតនានិយាយពង្វៀង។
លុះដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ឈ្មោះ យឹម វុទ្ធី បានសម្រេចដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីស្រាវជ្រាវ និងមានវិធានការចំពោះករណីនេះ។ ក្រោយទទួលបានពាក្យបណ្ដឹង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបន្ដនីតិវិធីតាមផ្លូវច្បាប់ ដោយសុំការអង្កេតបឋម ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។
តាមរយៈសេចក្ដីបំភ្លឺនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សង្ឃឹមថាសាធារណៈជន និងបងប្អូនអ្នកសារព័ត៌មាន ជ្រាបអំពីដំណើររឿងនេះ និងសូមកុំវាយតម្លៃអ្វីដែលមិនទាន់បានប្រភពច្បាស់លាស់៕