យុវជនដែលកាត់តបញ្ជូលសម្លេងបំភ្លៃការពិតចោទប្រកាន់មកលើអាជ្ញាធរ បានមកបំភ្លឺសារភាពកំហុស និងសុំទោសជាសាធារណៈ យុវជនឈ្មោះ ទ្រី គឹមហាន ភេទប្រុស អាយុ ២៦ឆ្នាំ បានកាត់តបញ្ជូលបន្ថែមសម្លេងស្រែកទ្រហោយំរបស់ប្រជាលរដ្ឋ បំភ្លៃការពិតចោទប្រកាន់មកលើអាជ្ញាធរ ក្នុងបណ្តាញសង្គម Tik Tok និងសរសេរជាខ្លឹមសារថា "រដ្ឋបាលខេត្តសៀមរាប ចុះរុះរើរបងផ្ទះ ដោយមិនមានការព្រមព្រៀងពីម្ចាស់ផ្ទះជិត ១០០ផ្ទះ" បានមកបំភ្លឺសារភាពកំហុស និងសុំទោសជាសាធារណៈ ព្រមទាំងទទួលស្គាល់កំហុសហើយ និងព្រមលុបវីដេអូដែលខ្លួនបានបង្ហោះកន្លងមកពាក់ព័ន្ធនឹងករណីនេះ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅស្នងដ្ឋានការនគរបាលខេត្តសៀមរាប។ 

តាមចម្លើយសារភាព គឺការផុសកាត់តបញ្ជូលសម្លេង និងចោទប្រកាន់នេះ មានគោលបំណង ដើម្បីចង់បានការចាប់អារម្មណ៍លើគណនីបណ្តាញសង្គម TikTokរបស់ខ្លួន និងទទួលបាមផលប្រយោជន៍អាជីវកម្មផ្ទះសំណាក់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

សូមបញ្ជាក់ថាយុវជនខាងលើនេះ មានស្រុកកំណើតនៅខេត្តបាត់ដំបង តែបច្ចុប្បន្នបានមករស់នៅក្នុងខេត្តសៀមរាប និងបានជួលផ្ទះដើម្បីប្រកបមុខរបរផ្ទះសំណាក់ ដែលស្ថិតនៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជាក់ស្តែងបងប្អូនប្រជាពលរដ្ឋនៅលើដងផ្លូវដែលរដ្ឋបាលខេត្ត បានបើកចាប់ពីផ្លូវជាតិលេខ៦ ភ្ជាប់ទៅផ្លូវ ៧មករា គឺសុទ្ធតែបានសម្រុះសម្រួល និងការចូលរួមរុះរើដោយស្ម័គ្រចិត្ត ហើយរូបភាព ដែលយុវជនរូបនេះយកមកកាត់តនោះ គ្រាន់តែជាសកម្មភាពរបស់អាជ្ញាធរ បានជួយដល់ការរុះរើរបស់ប្រជាពលប៉ុណ្ណោះ។

រដ្ឋបាលខេត្ត សូមទទូចស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់ សូមប្រើប្រាស់បណ្តាញសង្គមឲ្យបានត្រឹមត្រូវ កុំបំភ្លៃការពិត។ រដ្ឋបាលខេត្ត នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសាធារណៈមតិ ដែលលើកឡើងនូវសំណូមពរ បញ្ហាប្រឈម ដោយមានមូលដ្ឋានច្បាស់ ដើម្បីរដ្ឋបាលខេត្ត មានលទ្ធភាពដោះស្រាយ និងឆ្លើយតបបានទាន់ពេលវេលា៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ