ដោយសង្កេតឃើញថា អគារអង្គរជ័យដែលមានទីតាំងនៅទល់មុខអគារពាណិជ្ជកម្មប៊ីអេស មានសភាពចាស់ទ្រុឌទ្រោមហើយនោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញប្រជាពលរដ្ឋដែលរស់នៅអគារខាងលើនេះ មកជួបប្រជុំផ្សព្វផ្សាយ ដើម្បីរិះរកដំណោះស្រាយផ្សេងៗ ចៀសវាងនូវហានិភ័យផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។
នៅក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយដែលរៀបចំឡើងនៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហានោះដែរ លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងប្រាប់ដល់ពលរដ្ឋដែលបានចូលរួមប្រមាណជិត ១០០នាក់ថា អគារអង្គរជ័យនោះ គឺជាអគារចាស់ទ្រុឌទ្រោមមានអាយុកាល ៧០ឆ្នាំមកហើយ ដូចនេះមិនអាចបន្តរស់នៅ បានទៀតទេព្រោះវាអាចនឹងកើតមាននូវហានិភ័យខ្ពស់។លោកបន្តថា ការអញ្ជើញបងប្អូនប្រជាពលរដ្ឋមកនេះ ក៏ដើម្បីរកមធ្យោបាយធ្វើយ៉ាងណាដោះស្រាយឱ្យបានសមស្រប នូវអ្វីដែលពួកគាត់ចង់បានផងដែរ។
លោកឃួង ស្រេង បានឲ្យដឹងបន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញក្នុងនាមជាអាណាព្យាបាលគឺតែងតែគិតគូរពីប្អូនប្រជាពលរដ្ឋ ហើយបើបងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្តមកលើរដ្ឋបាលរាជធានីភ្នំពេញ នោះ លោកនឹងព្យាយាមស្វែងរកដៃគូ ដើម្បីធ្វើការវិនិយោគ ហើយអាចសាងសង់អគារថ្មីនៅលើទីតាំងចាស់ ឬក៏អាចឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រៃអង្គាសគ្នាដើម្បីធ្វើការជួសជុលអគារនេះឡើងវិញ។
ឆ្លៀតក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋដែលបានចូលរួម ក៏បានលើកឡើងពីបំណងរបស់ពួកគាត់ ដោយសូមឲ្យអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយ ដូចជាការដោះស្រាយអគារនៅប៊ូឌីងដែរ ហើយពួកគាត់ក៏ទទួលស្គាល់ដែរថា អគារនេះពិតជាចាស់ទ្រុឌទ្រោមពិតមែន។
សូមជម្រានជូនថា អគារនៅទល់មុខអតីតអគារពាណិជ្ជកម្មប៊ីអេសនេះ មានបងប្អូនប្រ ជាពលរដ្ឋរស់នៅចំនួន៦៥គ្រួសារ ស្មើនឹង១០១បន្ទប់ ហើយប្រជាពលរដ្ឋរស់នៅទីនេះ ក៏ធ្លាប់ត្រូវបានអាជ្ញាធរសង្កាត់ ខណ្ឌ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញបានធ្វើសេចក្តីជូនដំណឹង ជម្រាបជូនអំពីស្ថានភាព អគារចាស់ទ្រុឌទ្រោមនេះជាច្រើនលើកច្រើនសាររួចមកហើយដែរ ដើម្បីឱ្យពួកគាត់ត្រៀមខ្លួន និងចូលរួមសហ ការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការស្វែងរកដំណោះស្រាយណាមួយ ឱ្យបានសមស្របដើម្បីឲ្យប្រជាពលរដ្ឋទទួលយកដោយក្តីរីករាយ និងចៀស វាងបាននូវហានិភ័យដែលកើតចេញពីអគារចាស់ទ្រុឌទ្រោមនេះ៕SP