កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លីជាច្រើនគ្រាប់ ចេញពីតំបន់ Ganggye ក្នុងខេត្ត Jagang នៃប្រទេស
កូរ៉េខាងជើងៈ នៅវេលាម៉ោង ៩ និង៣០នាទីព្រឹក នាយសេនាធិការចម្រុះកូរ៉េខាងត្បូង ចាប់បានសញ្ញាកូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លីជាច្រើនគ្រាប់ ដែលបាញ់ចេញពីតំបន់ Ganggye ក្នុងខេត្ត Jagang របស់កូរ៉េខាងជើង។ នេះជាលើកទីពីរហើយ ដែលកូរ៉េខាងជើង បានបាញ់មីស៊ីលនៅក្នុងឆ្នាំ ២០២៥។
«ក្នុងលក្ខណៈត្រៀមខ្លួនសម្រាប់ការបាញ់មីស៊ីលបន្ថែម យោធារបស់យើង បានពង្រឹងការឃ្លាំងមើល និងប្រុងប្រយ័ត្ន ហើយមានការចែករំលែកព័ត៌មានមីស៊ីលកូរ៉េខាងជើង ជាមួយអាម៉េរិក និងជប៉ុន»។ នាយសេនាធិការចម្រុះយោធាកូរ៉េខាងត្បូង បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២០ ខែមករា។
ការប៉ាញ់មីស៊ីលនេះ ធ្វើឡើងក្រោយសុន្ទរកថាចុងក្រោយរបស់លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក មុនពេលផុតអាណត្តិ។ តាមរយៈសុន្ទរកថានោះ លោក បៃឌិន បានជំរុញបន្ថែមឱ្យប្រឆាំងរបបក្រុងព្យុងយ៉ាង ដែលនៅតែបន្តផ្តោតលើកម្មវិធីអាវុធរបស់ខ្លួន ដើម្បីការពារសន្តិសុខជាតិ និងអធិបតេយ្យ។
ទន្ទឹមនេះ លោក បៃឌិន បានសាទរពីភាពជាដៃគូត្រីភាគីរវាងអាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូងផងដែរ ដ្បិតវាជាកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ដើម្បីចែករំលែកព័ត៌មានពាក់ព័ន្ធកូរ៉េខាងជើង និងរក្សាតុល្យភាពនៅក្នុងតំបន់ ស្របពេលចិនពង្រីកឥទ្ធិពលក្នុងតំបន់។
សូមបញ្ជាក់ថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងលើកទីពីរ ក្នុងឆ្នាំ២០២៥នេះ ធ្វើឡើងរយៈពេល ៦ថ្ងៃប៉ុណ្ណោះ មុនពេលលោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតស្បថចូលកាន់តំណែង៕