សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើលិខិតមួយជូន លោក ចូ បៃឌិន ដោយសម្តែងការអបអរសាទរចំពោះការជាប់ឆ្នោត ក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។ នេះបើតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើទៅកាន់ លោក បៃឌិន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ។

ក្នុងសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ លោក ចូ បៃឌិន យ៉ាងដូច្នេះថា៖ «តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាខ្ញុំមានកិត្តិយសដ៏ធំធេង និង សេចក្ដីសោមនស្សរីករាយឥតឧបមា សូមសម្ដែងនូវអំណរសាទរជូនចំពោះ ឯកឧត្តម ដែលបានជាប់ឆ្នោតជាប្រវត្តិសាស្ត្រ ជាប្រធានាធិបតីសហរដ្ឋអាម៉េរិកទី ៤៦»។

សម្តេចបានបន្តថា បទពិសោធដ៏ធំធេង និងភាពជាអ្នកដឹកនាំដ៏វៀងវៃរបស់ លោក ចូ បៃឌិន គឺជាកត្តាសត្យានុម័ត ក្នុងការទទួលបាននូវទំនុកចិត្តពីប្រជាជនអាម៉េរិក។សម្តេចបានបង្ហញជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកចូ បៃឌិន សហរដ្ឋអាម៉េរិកនឹងបន្តរីកចម្រើនទៅមុខនិងរួមចំណែកនាំឱ្យពិភពលោក មានសេរីភាព និងវិបុលភាពកាន់តែល្អប្រសើរថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរ លោក ចូ បៃឌិន ប្រធានាធិបតីជាប់ឆ្នោត និងរដ្ឋាភិបាលរបស់លោក សូមទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការបំពេញភារកិច្ចជាប្រវត្តិសាស្ត្ររបស់លោក ក្នុង ការដឹកនាំប្រជាជាតិអាម៉េរិក៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ