ទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បានចុះហត្ថលេខាផ្តល់នូវជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិរក្សប្រាសាទដ៏មានតម្លៃរបស់កម្ពុជាគឺ ប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង។ ជំនួយទាំងនេះ ទទួលបានមកពី មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) ជាកម្មវិធីជំនួយមួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានអនុម័តលើជំនួយជាថវិកាចំនួន ១២ម៉ឺនដុល្លារ ជូនដល់អាជ្ញាធរជាតិព្រះវិហារ ដើម្បីអភិរក្សជណ្តើរខាងជើង នៃប្រាសាទព្រះវិហារ ដែលត្រូវបានសាងសង់នៅសតវត្សទី១១។ ហើយជំនួយនេះ នឹងត្រូវប្រើប្រាស់ផងដែរសម្រាប់ជួសជុលឡើងវិញ នូវប្រព័ន្ធបង្ហូរទឹកសម័យបុរាណ នៅសងខាងនៃជណ្តើរនោះ។ ជាមួយគ្នានេះ ទឹកប្រាក់ចំនួន ៣០ម៉ឺនដុល្លារ ទៀត ត្រូវផ្តល់ជូនមូលនិធិប្រាសាទពិភពលោក (WMF) សម្រាប់បន្តការងារអភិរក្សក្នុងដំណាក់កាលទី៥ នៃគម្រោងនៅប្រាសាទភ្នំបាខែង ក្នុងក្រុងសៀមរាប សម្រាប់រយៈពេល ២៤ខែ រហូតដល់ឆ្នាំ២០២២។ គម្រោងនេះនឹងដំណើរការទៅក្នុងបរិបទនៃទំនាក់ទំនងរយៈពេលយូររបស់អង្គការ WMF ជាមួយអាជ្ញាធរជាតិអប្សរា។

សូមបញ្ជាក់ថា មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) ត្រូវបានបង្កើតឡើង ដើម្បីជួយអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌សំខាន់ៗ។ នៅក្រោមជំនួយជាថវិកាពីមូលនិធិនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ៤លានដុល្លារ ហើយមកដល់ប្រទេសកម្ពុជា ដោយគិតពីឆ្នាំ២០០១មក។ រដ្ឋាភិបាលសហរដ្ឋអាមេរិក ថែមទាំងបានផ្តល់ជំនួយជាថវិកាផងដែរ សម្រាប់អភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌សំខាន់ៗដទៃទៀត នៅព្រះរាជាណាចក្រកម្ពុជា៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ