០៧ កក្កដា គឺជាថ្ងៃប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ ថ្ងៃនេះ ឆ្នាំនេះ គឺជាខួបលើកទី១២ដែលប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។ ប្រាសាទព្រះវិហារបានចាប់ផ្ដើមល្បីរន្ទឺទូទាំងពិភពលោកបន្ទាប់ពីមានរឿងរ៉ាវក្ដីក្ដាំងជាមួយប្រទេសជិតខាងថៃ ដែលទាមទារចង់បានប្រាសាទភ្នំមួយនេះធ្វើជាកម្មសិទ្ធិរបស់ខ្លួន រហូតដល់មានការប្ដឹងផ្ដល់ដល់តុលាការអន្តរជាតិឲ្យជួយដោះស្រាយ។

អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានដាក់ពាក្យបណ្តឹង ទៅតុលាការយុត្ដិធម៌អន្ដរជាតិក្រុងឡាអេ(ICJ)នៅថ្ងៃទី០៦ខែតុលាឆ្នាំ១៩៥៩ និងយោងតាមសាលដីកាថ្ងៃទី២៦ខែឧសភាឆ្នាំ១៩៦១។ ក្នុងរឿងក្តីនេះ តុលាការយុត្ដិធម៌អន្ដរជាតិICJ បានសម្រេចឲ្យភាគីកម្ពុជាឈ្នះក្តីលើភាគីថៃតាមរយៈសាលដីកាចុះថ្ងៃទី១៥ខែមិថុនាឆ្នាំ១៩៦២។ បើទោះបីជាមានការសម្រេចដោយតុលាការអន្តរជាតិយ៉ាងដូច្នេះក្តី ក៏ភាគីថៃនៅតែព្យាយាមចង់បានប្រាសាទបុរាណមួយនេះជារបស់ខ្លួន ។

ដើមឆ្នាំ២០០៨ ជម្លោះព្រំដែនកម្ពុជា-ថៃបានចាប់ផ្តើមឡើងជាថ្មី នៅពេលប្រាសាទព្រះវិហារ ត្រូវដាក់បញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកសម្រាប់មនុស្សជាតិនៅក្នុងសម័យប្រជុំលើកទី៣២ នៅក្នុងទីក្រុងកេប៊ិកប្រទេសកាណាដា នាថ្ងៃទី០៧កក្កដាឆ្នាំ២០០៨។ ជម្លោះបានរីករាលដាលកងទ័ពថៃបានចូលកាន់កាប់ប្រាសាទ និងតំបន់មួយចំនួនដែលស្ថិតតាមព្រំដែននៃប្រទេសទាំងពីរក្នុងខេត្តឧត្តរមានជ័យ និងខេត្តសុរិន្ទរបស់ថៃ។

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៨  ក្រសួងការពារជាតិថៃបានប្រឆាំងនឹងការប៉ុនប៉ងរបស់កម្ពុជា ក្នុងការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ដូច្នេះនៅថ្ងៃទី២៨ខែមេសាឆ្នាំ២០១១ កម្ពុជាបានសម្រេចដាក់ពាក្យសុំទៅតុលាការយុត្ដិធម៌អន្ដរជាតិដើម្បីស្នើសុំឲ្យមានការបកស្រាយសាលដីកាឆ្នាំ១៩៦២។ សាលដីកាឆ្នាំ១៩៦២ មាន២ចំណុចសំខាន់ៗ ក្នុងផ្នែកប្រតិបត្ដិដែលតុលាការត្រូវបកស្រាយ ៖

១. ប្រាសាទព្រះវិហារត្រូវស្ថិតនៅក្រោមអធិបេតយ្យភាពរបស់កម្ពុជា។

២. ថៃមានកាតព្វកិច្ចត្រូវដកកងកម្លាំងនគរបាល ឆ្មាំ ឬអ្នកយាមទាំងអស់ដែលថៃចាប់បានដាក់ក្នុងប្រាសាទ ឬក្នុងតំបន់ក្បែរប្រាសាទដែលស្ថិតនៅក្នុងទឹកដីកម្ពុជា។

ទីបំផុតនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៨ ទង់ជាតិរបស់កម្ពុជាទង់របស់បេតិកភ័ណ្ឌពិភពលោក និងទង់របស់អង្គការយូណេស្កូ (UNESCO) ត្រូវបានបង្ហូតឡើងហើយនៅលើប្រាសាទព្រះវិហាររបស់ខ្មែរដើម្បីការពារប្រាង្គប្រាសាទនេះពីសង្គ្រាម។  

គួរបញ្ជាក់ថា ប្រាសាទព្រះវិហារត្រូវបានកសាងដោយ ព្រះបាទសូរ្យវរ្ម័នទ១ និងព្រះបាទសូរ្យវរ្ម័នទី២ នៅស.វទី១១-១២។ ប្រាសាទព្រះវិហារ ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើខ្នងភ្នំដងរែក។ ប្រាសាទព្រះវិហារមានចម្ងាយ ៤០៥ គីទ្បូមែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញ វាមានចម្ងាយត្រឹមតែ១០៨ គីឡូម៉ែត្រត្រប៉ុណ្ណោះ៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ