ភ្នំពេញ ៖ ក្រោយត្រូវភ្លៀងប៉ុន្មានមេនាដើមរដូវវស្សានេះ តំបន់ប្រាសាទសំបូរព្រៃគុកប្រៀប ដូចទទួលបានពរជ័យពីព្រះភិរុណ ដែលដល់កាលវេលាសម្ដែងឫទ្ធបង្អុល ភ្លៀងស្រោចស្រពប្រឹថពី ញ៉ាំងបណ្ដាព្រឹក្សព្រៃក្នុងតំបន់ការពារទេសភាពព័ទ្ធរាជធានីបុរាណខ្មែរនេះ ឲ្យលូតលាស់ ស្លឹកត្រួយបៃតងស្រស់ខ្ចី ចេញបានបុប្ផាផ្កាភ្ញីចម្រុះពណ៌រាយមន្តអន្ទងភ្នែកកវី។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ទិដ្ឋភាពបែបនេះ បានលម្អសោភ័ណភាពរមណីយដ្ឋានទាំងមូល ឲ្យកាន់តែស្រស់ត្រកាល មិនរំលងផុតសារស័ព្ទវាចារកោតស្ងប់ស្ងែង ពីសំណាក់អ្នកដែល បានទៅដល់ទីនោះឡើយ។ ដើរកាត់ក្រោមម្លប់ឈើត្រជាក់ត្រឈឹងត្រឈៃ ប្រាសាទឈរញញឹមប្រិមប្រិយរាក់ទាក់ពីចម្ងាយ សំឡេងបក្សាបក្សីច្រៀងស្វាគមន៍ ទទួលវត្តមានអ្នក ដំណើរ វល្លិវែងកោងវាត់ព័ទ្ធរុំដើមឈើទាក់ទាញប្លែកភ្នែក អន្ទងសណ្ដំហឫទ័យ អាត្មាឲ្យត្រេកត្រអាលនឹងសម្រស់វប្បធម៌ បើកបង្ហាញអត្ថន័យបេតិកភណ្ឌផ្សារភ្ជាប់ជាមួយ សម្រស់ធម្មជាតិ។

សូមរំលឹកថា តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានសង់លើដីរាបស្មើមានទំហំ ៣,០០០ ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តកំពង់ធំ។ ស្ថិតនៅតាមបណ្តោយ ស្ទឹងសែន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តនេះមានចម្ងាយប្រមាណ ២៨ គីឡូម៉ែត្រ ភាគឦសាន នៃទីរួមខេត្តកំពង់ធំ។

សូមជម្រាបថា តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នាវេលាម៉ោង ៩៖៤០ នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាខូវ សាធារណរដ្ឋប៉ូឡូញ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ