​ប្រាសាទលលៃ​បច្ចុប្បន្ន​មា​នទី​តាំងនៅ​ភូមិ​លលៃ​ ឃុំ​បាគង​ ស្រុក​ប្រាសាទបាគង​ គឺជា​កោះ​ដ៏​ពិសិដ្ឋ​ស្ថិត​នៅ​ចំ​កណ្តាល​បារាយណ៍​ឥន្ទ្រ​ត​ដាក​ (​បារាយណ៍​លលៃ​)​ នា​បុរាណកាល​។​

ទី​នេះ​បាន​ប្រែប្រួល​បន្តិច​ម្តងៗ​ដោយ​ការ​រៀបចំ​ថ្មី​និង​មាន​សំណង់​សាសនា​មួយ​ចំនួន​តាម​សម័យកាល​ជា​បន្ត​ បន្ទាប់​។​ ប៉ុន្តែ​នៅ​ចុងឆ្នាំ​ ២០១៩​ សំណង់​សាសនា​ទាំងនោះ​ត្រូវ​បាន​ព្រះ​គ្រូ​ ចៅអធិការ​វត្ត​លលៃ​ អាចារ្យ​និង​គណៈកម្មការ​គ្រប់គ្រង​វត្ត​លលៃ​ទាំងអស់​ ព្រមទាំង​ពុទ្ធបរិស័ទ​ជុំវិញ​វត្ត​  សម្រេច​រំកិល​ចុះ​មក​ក្រោម​ដើម្បី​ទុក​លទ្ធភាព​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើការ​អភិរក្ស​និង​ស្រាវជ្រាវ​បុរាណវិទ្យា​។​

​ក្នុង​ន័យ​នេះ​ នា​ពាក់កណ្តាល​ខែមីនា​ ឆ្នាំ​២០២០​ បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវ​និង​ប្រទះ​ឃើញ​អាថ៌​កំបាំង​ដ៏​អស្ចារ្យ​នៃ​រចនា​សម្ពន្ធ​សំណង់​បុរាណ​ជា​ច្រើន​ដូច​ជា​ ខ្លោ​ ង​ទ្វារ​ចូល​ កម្រាល​ឥដ្ឋ​ កុលាលភាជន៍​ និង​ជញ្ជាំង​កំពែង​ ដែល​បាន​កប់​ក្នុង​ដី​ក្រោម​សំណង់​សាសនា​តាំងពី​សម័យ​អាណានិគម​បារាំង​មក​។​ ការ​ប្រទះ​ឃើញ​រចនា​សម្ពន្ធ​ដ៏​សម្បើម​នេះ​ គឺជា​ការ​ផ្តល់​នូវ​ទិន្នន័យ​ថ្មីៗ​សម្រាប់​កិច្ចការ​ស្រាវជ្រាវ​បុរាណវិទ្យា​ ប្រវត្តិសាស្ត្រ​ ស្ថាបត្យកម្ម​ និង​កិច្ចការ​អភិរក្ស​ អភិវឌ្ឍន៍​ និង​លើក​តម្លៃ​ប្រាសាទលលៃ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​។​

លោក​ ថូ​ ថុ​ន​ ប្រធាន​ក្រុម​កំណាយ​ស្រាវជ្រាវ​នៅ​ប្រាសាទលលៃ​បានឱ្យ​ដឹង​ថា​ ក្រុមការងារ​បាន​បើក​រណ្តៅ​កំណាយ​បាន​ចំនួន​១០​រណ្តៅ​នៅ​ក្រោម​អតីត​សំណង់​សាសនា​នៅ​ផ្នែក​ខាងកើត​ ខាងជើង​ និង​ខាងលិច​ ហើយ​បាន​ប្រទះ​ឃើញ​រចនា​សម្ពន្ធ​សំណង់​ខ្លោងទ្វារ​ចូល​ទាំង​៣​ទិស​ កំពែង​៣​ជាន់​ព័ទ្ធ​ជុំវិញ​តួ​ប៉ម​ទាំង​៤​នៃ​ប្រាសាទ​ រចនា​សម្ពន្ធ​កំពែង​ប្រាសាទ​ក្នុង​ក្រៅ​ កម្រាល​ថ្មបាយក្រៀម​ កម្រាល​ឥដ្ឋ​ជា​ច្រើន​ទីតាំង​ ចម្លាក់​ដែល​មាន​ក្បាច់លម្អ​ រួម​នឹង​ភាព​ខុស​គ្នា​នៃ​ខឿន​ប្រាសាទ​ត្រង់​ព្រះ​វិហារ​។​

ទាក់ទង​នឹង​មូលហេតុ​នៃ​ការ​កប់​រចនា​សម្ពន្ធ​ប្រាសាទ​នៅ​ក្នុង​ដី​នេះ​ លោក​ ថូ​ ថុ​ន​ សន្និដ្ឋាន​ថា​ ប្រ​ហែ​ ល​បណ្តាល​មក​ពី​ការ​សាងសង់​នា​សម័យ​ក្រោយៗ​ភ្លេច​គិត​ថា​មាន​អ្វី​ក្រោម​ដី​ ព្រោះ​មាន​ដី​លុប​ពីលើ​សំណង់​បុរាណ​បាត់​អស់​។​ រីឯ​ការ​អភិវឌ្ឍ​សំណង់​នា​សម័យ​ក្រោយៗ​ ក៏​ពុំ​បាន​ធ្វើ​ឱ្យ​សំណង់​បុរាណ​ក្រោម​ដី​នេះ​រង​ការ​បំផ្លាញ​ច្រើន​ទេ​ ព្រោះ​ចាស់ៗ​បាន​រក្សា​ផ្នែក​ខាងក្នុង​ដោយ​កម្រាល​ឥដ្ឋ​និង​ខាងក្រៅ​ក្រាល​ថ្មបាយក្រៀម​ដើម្បី​ការពារ​៕SP​

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ