ក្រុមការងារតាមដានបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គម និងសារព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ បើកិច្ចប្រជុំរៀបចំផែនការការងារសកម្មភាពសម្រាប់អនុវត្តបន្ត
នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃសុក្រទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំរៀបចំផែនការការងារសកម្មភាពអនុវត្តបន្ត សម្រាប់ក្រុមការងារតាមដានបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គម និងសារព័ត៌មាន (Media and Social Network) ផ្សេងៗដែលពាក់ព័ន្ធនឹងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ក្នុងការឆ្លើយតប និងដោះស្រាយចំពោះមតិមហាជនដែលបានលើកឡើង ឬចូលបញ្ចេញមតិនៅក្នុងទំព័របណ្តាញទំនាក់ទំនងហ្វេសប៊ុកផេកផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីដោយមានការអញ្ជើញចូលរួមពី អនុប្រធានក្រុមការងារ សមាជិក សមាជិកា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនាពេលនោះ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានមានមតិស្វាគមន៍ចំពោះសមាជិកក្រុមការងារទាំងអស់ ដែលបានចូលរួមនៅក្នុងអង្គប្រជុំនាពេលនេះ។ ក្នុងនោះផងដែរ ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារតាមជំនាញរបស់ក្រុមការងារ ដែលពាក់ព័ន្ធទៅនឹងការឆ្លើយតបរាល់មតិយោបល់ សំណើ និងសេចក្តីកង្វល់របស់ប្រជាពលរដ្ឋបានយ៉ាងល្អនាពេលកន្លងមក។
ក្នុងឱកាសនោះដែរ លោក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វើសេចក្តីរាយការណ៍អំពីការងារតាមដានរាល់មតិយោបល់របស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងការងារក្នុងដែនសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនាក្នុងពេលកន្លងមកថា ក្រុមការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានបង្កើតកម្មវីធីAppប្រើប្រាស់លើទូរស័ព្ទសម្រាប់ផ្តល់ភាពងាយស្រួលនូវព័ត៌មានសំខាន់ៗដែលអាចឲ្យប្រជាពលរដ្ឋចូលទៅអាន និងស្វែងរកព័ត៌មានដែលពាក់ព័ន្ធ និងអាចសាកសួរព័ត៌មាន ព្រមទាំងអាចប្តឹងនៅក្នុងកម្មវិធីទូរស័ព្ទនេះបានថែមទៀតផងដែរ។ ទន្ទឹមនឹងនេះអគ្គនាយកដ្ឋានក៏មានលេខទូរស័ព្ទដៃ និងគេហទំព័រហ្វេសប៊ុកផ្លូវការ ដែលអាចឲ្យពលរដ្ឋចូលទៅបញ្ចេញមតិ និងធ្វើការប្តឹងផងដែរ។
ជាមួយគ្នានេះដែរ លោក អ៊ីវ វាសនា អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា ក៏បានធ្វើ សេចក្តីរាយការណ៍ផងដែរអំពីសកម្មភាពការងាររបស់នាយកដ្ឋានព័ត៌មានវិទ្យាដែលបានធ្វើការងារចំនួន២ជារៀងរាល់ថ្ងៃ។ ទី១-ក្រុមការងារបានប្រមូលព័ត៌មានទូទៅដែលទាក់ទងនឹងភាពអសកម្មរបស់មន្ត្រីមួយចំនួនក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ និងព័ត៌មានទាក់ទងនឹងជំងឺកូវីដ-១៩ទូទាំងប្រទេស និងក្រៅប្រទេសដើម្បីរាយការណ៍គោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជ្រាប និងមានមតិដឹកនាំបន្តដ៏ខ្ពង់ខ្ពស់ ជារៀងរាល់ថ្ងៃផងដែរ។ ដោយឡែកកិច្ចការងារទី២គឺក្រុមការងារបានធ្វើការតាមដានរាល់មតិយោបល់មហាជនដែលបានផ្ញើមកហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានព័ត៌មានវិទ្យា ដែលភាគច្រើនជាបញ្ហាទាក់ទងនឹងបទល្មើសបច្ចេកវិទ្យា ហើយក្រុមការងារក៏បានណែនាំដល់ប្រជាពលរដ្ឋដែលមានបញ្ហា ឲ្យធ្វើការដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចដែលនៅជិតបំផុត និងប្តឹងទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេវិទ្យា ឬនាយកដ្ឋានព័ត៌មានវិទ្យា ដើម្បីធ្វើការដោះស្រាយជូនប្រជាពលរដ្ឋផងដែរ។
ជាចុងក្រោយ លោក ហ៊ុយ វណ្ណៈ ក៏បានស្នើដល់សមាជិកក្រុមការងារទាំងអស់ធ្វើរបាយការណ៍សកម្មភាពការងារ ទាំងការពិនិត្យមើលមតិយោបល់ និងការរិះគន់នានាជាសាធារណៈក្នុងទំព័រទំនាក់ទំនងហ្វេសប៊ុក (Facebook) របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរាយការណ៍នូវរាល់ដំណោះស្រាយរួច ដើម្បីធ្វើសេចក្តីរាយការណ៍គោរពជូនសម្តេចក្រឡាហោម ស ខេង ជ្រាបដ៏ខ្ពង់ខ្ពស់ ប្រចាំត្រីមាសផងដែរ។
សូមបញ្ជាក់ថា ក្រុមការងារនេះ មានភារកិច្ចតាមដាន និងជួយស្រាវជ្រាវទំព័របណ្តាញសង្គមហ្វេសប៊ុក Facebook របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានតួនាទីដើម្បីឆ្លើយតបតាមជំនាញនីមួយៗ ស្របតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ ចំពោះមតិមហាជនដែលបង្ហោះចូលក្នុងទំព័រ Facebook សម្តេចតេជោ នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ហើយក្រុមការងារនេះដែរ ក៏មានភារកិច្ចតាមដានការផ្សព្វផ្សាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលាលើប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងៗពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃផងដែរ៕sp