លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ បានចូលមន្ទីរពេទ្យជាលើកទី២ ក្នុងរយៈពេល៨ថ្ងៃចុងក្រោយនេះ។ជាច្រើនម៉ោងក្រោយមក លោកបានចេញត្រលប់មកវិញ ដោយបានអះអាងថា លោកបានមកទទួល ការធ្វើតេស្តវិជ្ជសាស្ត្របន្ថែមទៀត ដើម្បីដឹងអំពីស្ថានភាពសុខភាព។ 

ដំណឹងនេះ បានបង្កឲ្យមានពាក្យចចាមអារ៉ាមជាច្រើន ដោយបណ្តាញព័ត៌មានជប៉ុនខ្លះ បានចុះផ្សាយ ថា លោកស៊ិនហ្សូ អាបេ មិនមានសុខភាពមាំទាំ ក្នុងការបន្តដឹកនាំរដ្ឋាភិបាលជប៉ុន ទៀតបានទេ។

នៅថ្ងៃទី២៤សីហា ពេលចេញពីមន្ទីរពេទ្យក្រុងតូក្យូ លោកស៊ិនហ្សូ អាបេ បាននិយាយទៅកាន់អ្នកកាសែតថា លោកបានមកយកលទ្ធផលតេស្តវិជ្ជសាស្ត្រ ដែលលោកបានធ្វើកាលពីសប្តាហ៍មុន ហើយក៏បានឆ្លៀតធ្វើតេស្តផ្សេងទៀត ទៅតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។ 

លោកបន្ថែមថា លោកខិតខំថែទាំសុខភាព ក៏ព្រោះតែលោកចង់បន្តធ្វើការឲ្យបានពេញកម្លាំង ដើម្បីប្រទេសជាតិ។ លោកសន្យាថា លទ្ធផលតេស្តវិជ្ជសាស្ត្រយ៉ាងណានោះ លោកនឹងផ្តល់ដំណឹងលំអិត នៅក្នុងឱកាសក្រោយ។ 

គួរកត់សំគាល់ថា បញ្ហាសុខភាពរបស់លោក ស៊ិនហ្សូ អាបេ កំពុងបង្កនូវដំណឹងចចាមអារ៉ាមជាច្រើន។ បណ្តាញទូរទស្សន៍ Nippon TV បានផ្សាយ ដោយផ្អែកលើប្រភពពីមនុស្សនៅក្នុងគណបក្សលោកស៊ិនហ្សូ អាបេ ថា តាមពិតនៅថ្ងៃទី២៤សីហានេះ លោកស៊ិនហ្សូ អាបេមិនបានទៅពេទ្យដើម្បីធ្វើតេស្តវិជ្ជសាស្ត្រធម្មតាទេ តែគឺលោកបានទៅទទួលការព្យាបាលជំងឺ ដែលលោកធ្លាប់បានឈឺរួចមកហើយ កាលពីច្រើនឆ្នាំមុន។

ដោយឡែក កាសែតជប៉ុនមួយទៀត បានចុះផ្សាយថា លោកស៊ិនហ្សូ អាបេ បានធ្លាក់ឈាមតាមមាត់ កាលពីដើមខែកក្កដា។ តាំងពីនោះមក លោកស៊ិនហ្សូ អាបេ មិនបានចេញមុខ ធ្វើសន្និសីទជាសាធារណៈទេ។ សាមជិកក្រុមគ្រួសារលោកទៀតសោត ក៏បានអះអាងដែរថាលោកត្រូវការសម្រាកឲ្យបានច្រើន។ 

គួររំលឹកថា លោកស៊ិនហ្សូ អាបេ ធ្លាប់បានលាលែងពីតំណែងម្តង កាលពីឆ្នាំ២០០៧ បន្ទាប់ពីបានធ្វើនាយករដ្ឋមន្ត្រីបានប្រមាណតែ១ឆ្នាំ។ កាលណោះ លោកបានលើកឡើងថា មូលហេតុគឺបណ្តាលមកពីលោកមានជំងឺរលាកពោះវៀនតូច និងពោះវៀនធំធ្ងន់ធ្ងន់។ តែក្រោយមក លោកត្រូវបានក្រុមគ្រូពេទ្យព្យាបាល ឲ្យជាសះស្បើយ៕ SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ