តាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិបង្ហាញឲ្យដឹងថា កូរ៉េខាងជើងកំពុងបន្ដអភិវឌ្ឍកម្មវិធីមីស៊ីលនិងនុយក្លេអ៊ែរ ស្ថិតក្រោមមូលនិធិទទួលបានពីការអនុវត្ដដោយខុសច្បាប់ នៃការផ្ទេរទំនិញតាមកប៉ាល់រំលោភលើទណ្ឌកម្មអង្គការសហប្រជាជាតិ។ នៅក្នុងរបាយការណ៍បញ្ជាក់ឲ្យដឹងទៀតថា កូរ៉េខាងជើងបានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្ដរបស់ខ្លួន ក្នុងការរក្សានិងអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលផ្លោង។

កូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលរយៈចម្ងាយខ្លីចំនួនបួនលើកក្នុងខែមីនា ហើយបន្ដអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសមត្ថភាពសម្រាប់កម្មវិធីមីស៊ីលផ្លោង។ នៅក្នុងខែមីនា កូរ៉េខាងជើងបានបន្ដរំលោភលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ គឺការនាំចេញធ្យូងថ្មដោយខុសច្បាប់នៅតាមសមុទ្រ។ កូរ៉េខាងជើងបានចែកចាយធ្យូងថ្មជាទំនិញស្ថិតក្រោមការហាមឃាត់ ហើយលួចនាំចូលប្រេងតាមរយៈការផ្ទេរពីនាវាទៅនាវានៅក្នុងសមុទ្រ ផ្គើនកាន់តែខ្លាំងនឹងបម្រាមរបស់អង្គការសហប្រជាជាតិ។ កូរ៉េខាងជើងបានបន្ដរកប្រាក់ចំណូលពីសកម្មភាពផ្ទេរទំនិញនៅតាមសមុទ្រដោយគ្មានរអែង នេះបើតាមការអះអាងនៅក្នុងរបាយការណ៍។

នៅក្នុងសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិស្ដីពីការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ក្រៅពីការហាមឃាត់ការនាំចេញនាំចូលទំនិញសំខាន់ៗមួយចំនួន សេចក្ដីសម្រេចក៏តម្រូវឲ្យប្រទេសជាសមាជិកទាំងអស់ ធ្វើមាតុភូមិនិវត្ដន៍ពលករកូរ៉េខាងជើងដែលកំពុងធ្វើការនៅក្នុងប្រទេសរបស់ពួកគេ ត្រឡប់ទៅកូរ៉េខាងជើងវិញនៅត្រឹមខែធ្នូឆ្នាំមុន។ ធ្វើដូច្នេះក្នុងចេតនាកាត់ផ្ដាច់ប្រភពហិរញ្ញវត្ថុដ៏សំខាន់ កូរ៉េខាងជើងប្រើសម្រាប់ផ្គត់ផ្គង់កម្មវិធីនុយក្លេអ៊ែរនិងមីស៊ីល។ ប៉ុន្ដែក្រោយដល់ពេលកំណត់នៃការធ្វើមាតុភូមិនិវត្ដន៍ ជនជាតិកូរ៉េខាងជើងនៅតែអាចបន្ដរកប្រាក់ចំណូលពីបរទេសបាន តាមរយៈជាអ្នកកីឡា ជាអ្នកជំនាញវេជ្ជសាស្ដ្រ  ធ្វើការនៅតាមរោងចក្រ ភោជនីយដ្ឋាន និងកម្មករសាងសង់។ 

គណៈកម្មកាធិការទណ្ឌកម្មនៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពដែលបានរាយការណ៍នៅពេលនេះ។ គណៈកម្មាធិការគ្រោងនឹងជំរុញឲ្យរដ្ឋជាសមាជិកទាំងអស់ ត្រូវអនុវត្ដឲ្យបានពេញលេញទៅតាមសេចក្ដីសម្រេចស្ដីពីទណ្ឌកម្ម ដែលឯកភាពដាក់លើកូរ៉េខាងជើងកន្លងមក ជុំវិញកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់គេ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ