បើយោងតាមប្រភព DailyMail បានរាយការណ៍ថា ខ្សែបម្រើប្រយុទ្ធ Ivan Rakitic ត្រូវបានក្លិបអ្នកមានបុណ្យ FC Barcelona លក់ទៅឲ្យគូប្រជែងនៅ LaLiga ដូចគ្នាគឺក្លិប Sevilla ក្នុងតម្លៃតែ ១.៥លានអឺរ៉ូ ស្មើនឹង ១.៧៨លានដុល្លារតែប៉ុណ្ណោះ។
បន្ថែមលើនេះទៀត ក្រុមអ្នកមានបុណ្យនឹងទទួលបាន ១១លានដុល្លារទៀត ប្រសិនបើកីឡាករវ័យ ៣២ឆ្នាំ Rakitic លេងល្អក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំរបស់គេ។
គួរបញ្ជាក់ផងដែរថា Ivan Rakitic បានក្លាយជាកីឡាករទី១ ដែលបានចាកចេញពី Barcelona ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Ronald Koeman ក្នុងចំណោម Arturo Vidal, Luis Suarez និង Lionel Messi សុទ្ធតែមានគម្រោងចាកចេញដូចគ្នា៕
គួររំលឹកផងថា កីឡាករអន្តរជាតិក្រូអាតខាងលើនេះ បានលេងឲ្យ Sevilla នៅអំឡុងឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ មុនចាកចេញទៅចូលរួមជាមួយ Barcelona ដែលឈ្នះបាន ១៣ពាននៅទឹកដី Camp Nou ក្នុងនោះរួមមាន LaLiga ៤ដង និង UEFA Champions League ១ដងទៀតផងក្នុងរយៈពេល ៦ឆ្នាំ។