(អ៊ីស្រាអែល)៖ ចាប់តាំងពីថ្ងៃ អាទិត្យ ទី ១៨ ខែមេសា ឆ្នាំ២០២១ម្សិលមិញ ប្រជាជននៃប្រទេសអ៊ីស្រាអែល អាចចេញទៅទីសាធារណៈបានដោយមិនចាំបាច់ពាក់ម៉ាស់ទៀតនោះទេ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន france24។ក្រសួងសុខាភិបាលរបស់អ៊ីស្រាអែលបានបញ្ជាក់ពីមូលហេតុដែលអ៊ីស្រាអែលអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួនអាចមិនពាក់ម៉ាស់ក្នុងទីសាធារណៈដូច្នេះគឺដោយសារតែក្រោយពេលដែលអ៊ីស្រាអែលជោគជ័យទៅលើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុនPfizer-BioNTech។ 

ហើយក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រជាជនទូទាំងប្រទេសរួចមក ឃើញថាអត្រានៃការឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសអ៊ីសា្រអែល មានការធ្លាក់ចុះមកត្រឹមកម្រិតទាបបំផុត ដោយមួយថ្ងៃធ្លាប់មានករណីឆ្លងរាប់ពាន់នាក់ ធ្លាក់មកនៅត្រឹមតែ៣៤នាក់ប៉ុណ្ណោះគិតត្រឹមថ្ងៃទី១៦ ខែមេសាឆ្នាំ២០២១។ ហេតុនេះអ៊ីស្រាអែលអាចសម្រួលនូវការរឹតត្បិតមួយចំនួនបាន។តែទោះបីជាយ៉ាងណា ក្រសួងសុខាភិបាលអ៊ីស្រាអែលបញ្ជាក់ថា ការប្រកាសអនុញ្ញាតឱ្យប្រជាជនខ្លួនមិនពាក់ម៉ាសនេះ គឺធ្វើឡើងតែទីតាំងសារធារណះណាដែលមានភាពទូលំទូលាយតែប៉ុនណោះ សម្រាប់ទីតាំងបិទជិត និងចង្អៀត គឺតម្រូវអោយមានការប្រុងប្រយ័ត្នដោយមានការពាក់ម៉ាស់ដដែល។

ជាមួយគ្នានេះដែរ ក្រៅពីការអនុញ្ញាឱ្យប្រជាជនរបស់ខ្លួនមិនចាំបាច់ពាក់ម៉ាស់នៅទីសាធារណៈ ចាប់ពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ អ៊ីស្រាអែលបានប្រកាសអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសដែលចាក់វ៉ាក់សាំងរួច អាចចូលមកលេងប្រទេសខ្លួន ដោយមិនចាំបាច់ធ្វើចត្តាឡីស័កថែមទៀតផង។

សូមបញ្ជាក់ថា  ប្រទេសអ៊ីស្រាអែលបានជ្រើសរើសយកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាមេរិកសហការជាមួយអាល្លឺម៉ង់ Pfizer-BioNTechយកមកចាក់ឱ្យប្រជាជនរបស់ខ្លួនប្រមាន ៩,៣លាននាក់។ ហើយបើគិតមកទល់នឹងពេលនេះ ប្រជាជនអីស្រាអែលសរុបដែលបានបញ្ចប់ការចាក់វ៉ាក់សាំង ២ដូស មានចំនួន ៥៤,៩% ហើយចំណែកឯប្រជាជនចំនួន ៤៥,១% ផ្សេងទៀត បានបញ្ចប់ការចាក់វ៉ាក់សាំងដូសទី១ និងត្រៀមចាក់វ៉ាក់សាំងដូសទី២នាពេលខាងមុខនេះ៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ