អាមេរិក៖ សហរដ្ឋអាមេរិកនៅថ្ងៃសុក្រសប្ដាហ៍នេះ បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក Moderna នៅក្នុងករណីបន្ទាន់ហើយ ដែលវានឹងត្រួសត្រាយផ្លូវដល់វ៉ាក់សាំងរបស់ក្រុមហ៊ុនទី ២នេះ ជូនប្រជាជនអាមេរិកនាពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០។
តាមរយៈការអនុម័តខាងលើដោយ ទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) អាមេរិកបានក្លាយជាប្រទេសដំបូងគេបំផុត ដែលអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងរបស់ ក្រុមហ៊ុន Moderna ដែលបច្ចុប្បន្នជាវ៉ាក់សាំងទី ២ បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានបញ្ជាទិញវ៉ាក់សាំង ២០០លានដូសពីក្រុមហ៊ុន Moderna ដែលគ្រប់គ្រាន់ចាក់ជូនប្រជាជនអាមេរិក ១០០លាននាក់ ក្នុងដំណាក់កាលដំបូង។ ក្រុមហ៊ុន Moderna គ្រោងនឹងជញ្ជូនវ៉ាក់សាំង ២០លានដូស ចែកចាយទូទាំងសហរដ្ឋអាមេរិក នៅក្នុងខែធ្នូនេះ និង ៨០លានដូសបន្ថែមទៀត នៅក្នុងត្រីមាសទី ១ នៃឆ្នាំ២០២១ និងនៅសល់ ១០០លានដូសទៀត សម្រាប់ត្រីមាសទី២ នៃឆ្នាំដដែល៕SP