ប្រទះឃើញសាកសពបុរសម្នាក់ ត្រូវឃាតករវាយសំលាប់រួចច្រកក្នុងថង់ពណ៌ខ្មៅ ដាក់ចូលវ៉ា លី ហើយយកមក បោះចោលនៅ មាត់ជ្រោះរោងរាង សមត្ថកិច្ចសន្និដ្ឋានជំហ៊ានដំបូងថា សាកសពជាជនជាតិចិន
កំពង់ស្ពឺ ៖ សាកសពត្រូវបានគេប្រទះឃើញ បង្ករការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពី ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ ម្សិលមិញនេះ នៅចំណុច មាត់ជ្រោះរោងរាង តាមបណ្តោយ ផ្លូវជាតិ លេខ៤ ចន្លោះគីឡូម៉ែត្រ លេខ ១០៤ និង ១០៥ ស្ថិតក្នុងភូមិ ទី៦ ឃុំ ត្រែងត្រយឹង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមសម្តីសាក្សី ឈ្មោះ វ៉ាន សាវឿន ភេទប្រុស អាយុ៣៤ ឆ្នាំ មានមុខ របរ ជាកសិករ រស់ក្នុងភូមិទី៦ ឃុំ ត្រែងត្រយឹង ស្រុក ភ្នំស្រួច បាននិយាយថាៈ គាត់បានធ្វើដំណើរដោយម៉ូតូពីទិសខាងលិចទៅខាងកើតលុះមកដល់ ចំណុចកើតហេតុគាត់បានឃើញរថយន្តម៉ាកតូយ៉ូតាហាយលែនឌ័រពណ៌ស តែមិនចាំស្លាកលេខចតបែរមុខទៅទិសខាងលិចហើយគាត់បានឃើញ មនុស្សប្រុសម្នាក់សង្ស័យជាជនជាតិចិន បានបើកគូទក្រោយរថយន្ត ហើយបានទាញវ៉ាលីធំពីលើរថយន្តទំលាក់ចុះទៅមាត់ជ្រោះ (គាត់ឈប់ម៉ូតូ មើលពីខាងត្បូងម្ខាងថ្នល់) រួចបុរសនោះបានបើករថយន្តទៅទិសខាងលិចបាត់សម្រោល ។
បុរសជាសាក្សីនោះបានបន្តថាគាត់ សង្ស័យក៍បានចុះទៅមើលវ៉ាលីនោះ ហើយបានឃើញថង់ខ្មៅឃើញជើងមនុស្ស ។ ភ្លាមនោះគាត់បានទៅប្រាប់ អ្នកភូមិនៅក្បែរនោះហើយបានរាយការណ៍ជូនទៅសមត្តកិច្ចមូលដ្ឋានតែម្តង ។
មន្ត្រីជំនាញ និងក្រុមគ្រូពេទ្យខេត្តកំពង់ស្ពឺបានទៅពិនិត្យឃើញថា សាកសពជាមនុស្សប្រុសអាយុប្រមាណជាង៤០ឆ្នាំមិនស្គាល់អត្តសញ្ញាណ សម្បុរសទំនងជាជនជាតិចិនកាត់សក់ខ្លីពាក់អាវយឺត ស ដៃវែង ខោ ប្រផេះជើងវែង។ នៅលើសាកសពមានស្លាកស្នាមលើក្បាលពីក្រោយបែកជាច្រើនកន្លែង និងមានស្នាមរយះក្រោមចង្កាសងខាង។ ករណីឃាតកម្មគិតទុកជាមុនហើយសពបានយកទៅដំកល់នៅវត្តទឹកថ្លា និងប្រគល់ជូនទៅ សមត្ថកិច្ចជំនាញនៃនាយកដ្ឋានបច្ចេកទេស គ្រប់គ្រងតាមនីតិវិធី ៕