នាយកដ្ឋានព័ត៌មានវិទ្យា៖ បច្ចុប្បន្នការដំឡើងកាមេរ៉ាសុវត្ថិភាព (CCTV) កំពុងទទួលបានការពេញនិយមពីសំណាក់ពលរដ្ឋកម្ពុជា និងម្ចាស់ទីតាំងអាជីវកម្មផ្សេងៗ ដើម្បីធ្វើការថតរូបភាព ឬវីដេអូ ក្នុងគោលបំណងបង្កើនសុវត្ថិភាព និងបង្ការទប់ស្កាត់បទល្មើសជាដើម។ លើសពីនេះដើម្បីទទួលបានភាពងាយស្រួលក្នុងការមើលរូបភាពវីដេអូនៃកាមេរ៉ាសុវត្ថិភាពពីចម្ងាយ ពួកគាត់បានធ្វើការតភ្ជាប់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ជាមួយបណ្តាញអ៊ីនធឺណិត ជាហេតុធ្វើឲ្យមានហានិភ័យមួយចំនួនអាចកើតមានប្រសិនការដំឡើងនោះមិនបានគោរពបទដ្ឋានសន្តិសុខប្រព័ន្ធឲ្យបានត្រឹមត្រូវ។
តាមរយៈទិន្នន័យពីកម្មវិធីរុករកឧបករណ៍បច្ចេកវិទ្យាលើអ៊ីនធឺណេត (IoT) បានបង្ហាញថាប្រព័ន្ធកាមេរ៉ាសុវត្ថិភាពក្នុងព្រះរាជាណាចក្រកម្ពុជាមួយចំនួនធំ កំពុងប្រើប្រាស់គណនី និងលេខសម្ងាត់ដែលពុំបានផ្លាស់ប្តូរបន្ទាប់ពីដំឡើងរួច (Defauលt Login - Username & Password) ដែលជាហេតុបង្ករឲ្យមានហានិភ័យ ដូចខាងក្រោម៖
- ជនខិលខូចអាចធ្វើការចូលមើលរូបភាព ឬវីដេអូ ដោយគ្មានការអនុញ្ញាតិ និងបង្កផលប៉ះពាល់ដល់ឯកជនភាព
- ជនខិលខូចអាចធ្វើការថតរូបភាព ឬវីដេអូ ប្រើប្រាស់ក្នុងគោលបំណងទុច្ចរិត (ថតរូបអាក្រាតគម្រាមទារប្រាក់ ពិនិត្យទីតាំងមុនប្រព្រឹត្តិបទល្មើសលួច។ល។)
- ឧក្រិដ្ឋជនបច្ចេកវិទ្យាអាចធ្វើការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពជនរងគ្រោះ ក្នុងប្រតិបត្តិការវាយប្រហារ DDOS លើគោលដៅរងគ្រោះផ្សេងៗ។
ដើម្បីការពារហានិភ័យដូចបានរៀបរាប់ជូនខាងលើ សូមបងប្អូនពលរដ្ឋដែលបានដំឡើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព មេត្តាធ្វើការផ្លាស់ប្តូរលេខសម្ងាត់ (Username & Password) ដែលពិបាកទាយ និងរក្សាវាឲ្យបានសម្ងាត់តាមការចាំបាច់។ ក្នុងករណីដែលបងប្អូនពុំអាចធ្វើការផ្លាស់ប្តូរលេខសម្ងាត់ (Username & Password) ដោយខ្លួនឯងបាន សូមបងប្អូនទាក់ទងអ្នកបច្ចេកទេស ឬ ស្នើសុំជាងដំឡើងកាមេរ៉ាផ្លាស់ប្តូរជូនក្នុងអំឡុងពេលកំពុងដំឡើង។
#SecurityCamera #CCTV #DefaultPassword #ITDepartment #MoI