នាយកដ្ឋានព័ត៌មានវិទ្យា៖ ដោយសារភាពរីកចម្រើននៃបច្ចេកវិទ្យា បណ្តាអង្គភាព ក្រុមហ៊ុន និងសហគ្រាសផ្សេងៗ បានប្រែក្លាយរបៀបប្រតិបត្តិការបែបឌីជីថល គាំទ្រដោយប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ថ្ងៃនេះក្រុមការងារបច្ចេកទេស សូមលើកយកបទល្មើសបច្ចេកវិទ្យាដែលកំពុងកើតមាន ផ្តោតគោលដៅលើគ្រឹះស្ថានហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយ:ការស្រាវជ្រាវ និងសេចក្តីរាយការណ៍កន្លងមក បទល្មើសហិរញ្ញវត្ថុ (មធ្យោបាយបច្ចេកវិទ្យា) កំពុងកើតមានយ៉ាងច្រើនករណី គោលដៅលើអ្នកប្រើប្រាស់ ឬប្រព័ន្ធធនាគារនានា ក្នុងព្រះរាជាណាចក្រកម្ពុជា តួរយ៉ាង៖ ការឆបោកផ្ទេរប្រាក់ដោយប្រើប្រាស់វិស្វកម្មបណ្តាញសង្គម (Social Engineering) ការវាយប្រហារចូលប្រព័ន្ធលួចផ្ទេរប្រាក់ (Banking System / Business Loophole Hacking) និងការក្លែងបន្លំផ្សេងៗ។

- ការឆបោកផ្ទេរប្រាក់ដោយប្រើប្រាស់វិស្វកម្មបណ្តាញសង្គម (Social Engineering)៖ ឧក្រិដ្ឋជនប្រើប្រាស់បច្ចេកទេសឆបោកផ្សេងៗ (ឧទាហរណ៍ថាត្រូវរង្វាន់ បន្លំជាបុគ្គលិកធនាគារ។ល។) ដើម្បីលួងលោមម្ចាស់គណនីធនាគារ ផ្តល់នូវលេខកូដសម្ងាត់ លេខកូដផ្ទេរប្រាក់ ឬលេខកូដផ្ទៀងផ្ទាត់ (OTP) ឬរធ្វើការផ្ទេរប្រាក់ទៅកាន់ឧក្រិដ្ឋជន ក្នុងស្រុក ឬក្រៅប្រទេស។

- ការវាយប្រហារចូលប្រព័ន្ធលួចផ្ទេរប្រាក់ (Banking System / Business Loophole Hacking)៖ ឧក្រិដ្ឋជនបានប្រើប្រាស់ចន្លោះខ្វះខាតផ្នែកសន្តិសុខប្រព័ន្ធ (Internet / Mobile Banking)  កេងបន្លំតួនាទីកម្មវិធីប្រព័ន្ធធនាគារ ឬលួចចូលក្នុងគណនីអុីម៉ែលសម្ងំលួចមើលការឆ្លើយឆ្លងស្តីពីការទូរទាត់ប្រាក់ និងបោកបញ្ឆោតជនរងគ្រោះផ្ទេរប្រាក់។ 

- ក្រៅពីបទល្មើសដូចរៀបរាប់ខាងលើ ក៏នៅមានករណីក្លែងបន្លំផ្សេងៗមួយចំនួនទៀត ដែលបានប្រេីប្រាស់ដោយឧក្រិដ្ឋជន តួរយ៉ាង៖ ការបញ្ឆោតផ្ទេរប្រាក់តាមរយៈការទិញទំនិញអនឡាញ ការឆបោកក្នុងសកម្មភាពវិនិយោគ។ល។

ជាថ្មីម្តងទៀត នាយកដ្ឋានព័ត៌មានវិទ្យា សូមក្រើនរលឹកបងប្អូនប្រជាពលរដ្ឋ មេត្តាមានការប្រុងប្រយ័ត្នចំពោះសកម្មភាពឆបោកដូចបានរៀបរាប់ខាងលើ ដោយអនុវត្តវិធីសាស្ត្រមួយចំនួន  ដូចខាងក្រោម៖

- ពិចារណា និងធ្វើការផ្ទៀងផ្ទាត់មុននឹងធ្វើការផ្ទេរប្រាក់ឱ្យជនណាម្នាក់

- សូមប្រើប្រាស់លេខសម្ងាត់ការពារកម្មវិធី ឬប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលពិបាកទស្សទាយ

- ជៀសវៀងការផ្តល់នូវព័ត៌មានស្តីពី លេខសម្ងាត់ លេខកូដផ្ទេរប្រាក់ ឬលេខកូដផ្ទៀងផ្ទាត់ (OTP) ឱ្យជនណាម្នាក់ ទោះបីពួកគេអះអាងថាជាបុគ្គលិកធនាគារក៏ដោយ។

#MoneyFraud #BankingSystem #Hacking #ITDepartment #MoI

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ