ចាប់ខ្លួនមន្រ្តីនគរបាលម្នាក់ ក្រោយបើករថយន្តពាក់ផ្លាកលេខ ន.ប តាមដងផ្លូវពេលវិធានការបិទខ្ទប់ និងបោះពាក្យសំដីថា ខ្លួនជាឧត្តមសេនីយ៍តើនរណាហ៊ានចាប់?
(ភ្នំពេញ)៖ បុរសម្នាក់ជិះរថយន្ដស៊េរីទំនើបពាក់ផ្លាកលេខនគរបាល និងនិយាយពេលឡាយថា ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? ពេលនេះកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ។
ក្រោមបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបើកស្រាវជ្រាវភ្លាមៗ ហើយឈានទៅដល់ការឃាត់ខ្លួន និងរថយន្តនៅខណ្ឌជ្រោយចង្វារ។សមត្ថកិច្ចបានអះអាងថា ក្រោយចាប់ខ្លួនបុគ្គលរូបនេះ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយរថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Lexus RX300 ឆ្នាំ២០១៨ ពាក់ផ្លាកលេខនគរបាល ២-៦១២៨ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់ ពិសេសពាក់ព័ន្ធការល្មើសវិធានការរបស់សម្ដេចតេជោ ហ៊ុន សែន។បុរសរូបនេះបើករថយន្តឡាយនៅម៉ោង ៨ព្រឹក ម្តុំវត្តគៀនឃ្លាំង ផ្លូវជាតិលេខ៦A ខណ្ឌឬស្សីកែវ ស្របពេលដែលរដ្ឋាភិបាលកំពុងមានវិធានការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋចេញ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។
គួរជម្រាបថា ការចាប់ខ្លួនបុគ្គលរូបនេះ ធ្វើឡើងបន្ទាប់ពីបានបង្ហោះវីដេអូនៅលើបណ្ដាញសង្គម Facebook ពេលកំពុងបើកបររថយន្ដ និងបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ហើយតាំងខ្លួនថា ជាឧត្តមសេនីយ៍ មិនមាននរណាហ៊ានចាប់នោះទេ ទោះបីខ្លួនគ្មានភារកិច្ចក្នុងការធ្វើដំណើរចាំបាច់ក្នុងពេលរាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់ក៏ដោយ៕