(មានវីដេអូ)៖ ក្តៅគគុកទៀតហើយ ! មន្រ្តីយោធាផ្កាយពីរម្នាក់ត្រូវស្រ្តីម្នាក់ប្តឹងឱ្យចាប់ខ្លួនព្រមទាំងប្តឹងឱ្យសងថ្លៃព្យាបាល១លានដុល្លារ ហើយប្តឹងទាមទារសំណងជំងឺចិត្ត១លានដុល្លារទៀត ពីបទប្រើហិង្សាគំរាមបាញ់សម្លាប់និងបង្ខាំងមនុស្សខុសច្បាប់ !
(កំពង់ស្ពឺ)៖ ស្ត្រីរងគ្រោះម្នាក់ឈ្មោះ ឌួង ហេម៉ាលីស ដែលត្រូវយោធាផ្កាយ២ឈ្មោះ សូយ ចាន់សឿន តួនាទីជានាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការក្រសួងការពារជាតិ វាយតប់ខ្លួនឲ្យមានរបួសស្នាមធ្ងន់ធ្ងរ និងគម្រាមសម្លាប់ផងនោះ បានប្ដឹងចូលអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដោយចោទប្រកាន់ពីបទ «ប្រើអំពើហិង្សា ដោយមានស្ថានទម្ងន់ និងបង្ខាំងដោយខុសច្បាប់» ដែលបានប្រព្រឹត្តមកលើខ្លួនកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១កន្លងទៅថ្មីនេះ។
យោងតាមពាក្យបណ្ដឹងមានខ្លឹមសារថា «កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅក្នុងរថយន្តដែលកំពុងជិះតែពីរនាក់ នៅលើដងផ្លូវស្ថិតនៅរង្វង់មូលតាខ្មៅ ទីរួមខេត្តកណ្ដាល ឈ្មោះ សូយ ចាន់សឿន បានវាយដំមកលើនាងខ្ញុំ និងបានដកកាំភ្លើងខ្លីភ្ជង់មកលើនាងខ្ញុំមិនឲ្យខ្ញុំស្រែក និងគម្រាមបាញ់បំបាក់ជើង និងបាញ់សម្លាប់ តាមផ្លូវរហូតទៅដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ព្រមទាំងចាប់បង្ខាំងនាងខ្ញុំនៅក្នុងផ្ទះកូនចៅរបស់គាត់ ឈ្មោះ ស្រី សម្បត្តិ ដែលមានតួនាទីជានាយស្ដីទីការិយាល័យអភិវឌ្ឍន៍ នៃអគ្គបញ្ជាការក្រសួងការពារជាតិ រហូតដល់ម៉ោង៧យប់ថ្ងៃខែឆ្នាំដដែល ទើបមានសមត្ថកិច្ចនគរបាលចុះមកអន្តរាគមន៍ រំដោះនាងខ្ញុំចេញពីផ្ទះដែលបានបង្ខាំងយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ស្ត្រីរងគ្រោះថា ខ្លួនបានដាក់បណ្ដឹងចូលអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺរួចរាល់ហើយ ដើម្បីរកយុត្តិធម៌ជូនខ្លួន ព្រោះការឈឺចាប់ផ្លូវកាយ និងផ្លូវចិត្តនេះមានទំហំធំធេងណាស់ ខណៈខ្លួនជានារីទន់ខ្សោយ ប៉ុន្តែបែរជាត្រូវបុរសមាឌធំម្នាក់វាយប្រហារយ៉ាងសាហាវយ៉ាងដូច្នេះ ដោយគ្មានគោរសិទ្ធិស្ត្រីសូម្បីបន្តិច។
ស្ត្រីរងគ្រោះទទូចសុំតុលាការខេត្តកំពង់ស្ពឺ មេត្តារួសរាន់ចាត់ការលើសំណុំរឿងនេះដោយសារបុគ្គលនេះតែងតែគម្រាមមកលើខ្លួន ពិសេសខ្លួនមានការបារម្ភខ្លាំង ចំពោះសុវត្ថិភាព ដោយសារបុគ្គលនេះជាមនុស្សដៃឆៅថាបាញ់គឺបាញ់ ថាសម្លាប់គឺសម្លាប់៕