អឺរ៉ុប៖ Cristiano Ronaldo បានក្លាយជាកីឡាករអ៊ីរ៉ុបដំបូងគេដែលរកបានគ្រាប់បាល់កើនដល់ ១០០គ្រាប់ឲ្យជម្រើសជាតិ ក្នុងជ័យជម្នះ ២-០ របស់ព័រទុយហ្គាល់ទៅលើម្ចាស់ផ្ទះស៊ុយអែតនៅព្រឹត្តិការណ៍ Nations League 2020-2021។

ប្រធានក្រុមរូបនេះបានទាត់បាល់ហ្វ្រីឃីកចូលទីយ៉ាងអស្ចារ្យនៅនាទី៤៥ ដែលជាគ្រាប់បាល់ free kick លើកទី៥៧ នៃអាជីពរបស់គាត់ ដើម្បីឈានដល់ចំណុចកំពូល ក្នុងនោះមាន ១០គ្រាប់ក្នុងជម្រើសជាតិបច្ចខែលព័រទុយហ្គាល់ផងដែរ។

ទន្ទឹមនេះ ខ្សែប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus ដែលមានវ័យ ៣៥ឆ្នាំបន្តរកបានគ្រាប់ទី២ ទៀតនៅនាទី៧២ ក្រោយទទួលបាល់ពីមិត្តរួមក្រុម Joao Felix ក្នុងក្សាជ័យជម្នះ ២ប្រកួតបើកឆាកនៅពានលីគអ៊ីរ៉ុប UEFA Nations League វគ្គសន្សំពិន្ទុពី League A ក្រុមទី៣។

យ៉ាងណាមិញ Ronaldo ដែលលេងបាន ៨១នាទីនារាត្រីអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០ បានកំពុងនាំមុខគេ ៨គ្រាប់នៃកំណត់ត្រាពិភពលោកច្រើនជាងកីឡាករណាទាំងអស់ក្នុងជម្រើសជាតិនៅអឺរ៉ុប តែនៅចាញ់កីឡាករអាស៊ី Ali Daei របស់អ៉ីរ៉ង់ដែលជាបុរសតែម្នាក់គត់ដែលរក ១០៩គ្រាប់ក្នុងជម្រើសជាតិនៅអំឡុងឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៦។

គួរបញ្ជាក់ផងដែរថា ក្រុមការពារតំណែងជើងឯកព័រទុយហ្គាល់បានឈ្នះការប្រកួតបើកឆាកពីរលើកនៃព្រឹត្តិការណ៍ឆ្នាំនេះនិងឈរនៅកំពូលតារាង League A ក្រុមទី៣ ផងដែរ ស្មើ ៦ពិន្ទុពីក្រុមលេខ២ មាន់គកបារាំង ដែលបានយកឈ្នះក្រូអាត ៤-២ នៅរាត្រីអង្គារដូចគ្នា៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ