(អេហ្ស៊ីប)៖ បើយោងតាមប្រភពសារព័ត៌មាន Daily Mail បានចុះផ្សាយថា កីឡាករខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ Liverpool ជនជាតិអេហ្ស៊ីប Mohamed Salah ត្រូវបានគេរកឃើញលទ្ធផលវិជ្ជមាន នៃវីរ៉ុសឆ្លង COVID-19 នៅមុនការប្រកួតវគ្គជម្រុះ ក្របខណ្ឌ Africa Cup of Nations រវាងក្រុមជម្រើសជាតិអេហ្ស៊ីប តទល់ជាមួយនឹងក្រុមជម្រើសជាតិតូហ្គោ, នេះបើតាមការបញ្ជាក់ពី សមាគមបាល់ទាត់អេហ្ស៊ីប។
សមាគមបាល់ទាត់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយ នៅលើ Facebook Page របស់ខ្លួនថា «កីឡាករលំដាប់អន្តរជាតិរូបនេះ មិនមានរោគសញ្ញាណាមួយឡើយ ហើយសមាជិកក្រុមជម្រើសជាតិផ្សេងទៀត ទទួលបានលទ្ធផលអវិជ្ជមាន»។
បច្ចុប្បន្ន កីឡាករ Salah កំពុងស្នាក់នៅដាច់ដោយឡែកពីគេ ដោយទទួលបានការតាមដានសុខភាព ពីក្រុមវេជ្ជបណ្ឌិត៕