យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ចុះថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការអនុញ្ញាតិឱ្យមានការប្រកួតបាល់ទាត់ឡើងវិញ តែមិនអនុញ្ញាតិឱ្យមានទស្សនិកជនចូលក្នុងទីលានបាល់ទាត់ ហើយនិងស្មារតីអង្គប្រជុំគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ជាមួយនឹងតំណាងក្លិបទាំង១៣ កាលថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ អំពីការត្រៀមលក្ខណៈបច្ចេកទេសរៀបចំការចាប់ផ្តើមឡើងវិញ ហើយក៏មានការចូលរួមដោយក្រុមការងារបច្ចេកទេសពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ បានសម្រេចបើកដំណើរការការប្រកួតឡើងវិញ ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តត្រូវចាប់ផ្ដើមពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី២៩ ខែកក្កដា មុនចាប់ផ្ដើមថ្នាក់ជាតិពីថ្ងៃទី១២ និង១៣ ខែសីហា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា។ នេះបើយោងតាមប្រភពCNCC

ចំពោះក្របខណ្ឌ Metfone Cambodian League រដូវកាល២០២០ ឡើងវិញចាប់ពីថ្ងៃទី០៤ និងទី០៥ ខែកក្កដាតទៅ។ សម្រាប់ជើងទីមួយនឹងបន្តពីសប្ដាហ៍ទី៦ហើយគ្រោងបញ្ចប់នៅថ្ងៃទី១២និងទី១៣ខែកញ្ញាមុនចាប់ផ្ដើមជើងទីពីរពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី២៤ និង២៥ ខែតុលា។

ដោយឡែកអ្វីដែលត្រូវបានព្រមព្រៀងកែប្រែនោះគឺចាប់ពីជើងទីពីរនេះក្រុមកំពូលទាំង៦ត្រូវប្រជែងគ្នាយកចំណាត់ថ្នាក់លេខមួយ,លេខពីរនិងលេខបី។ចំណែកក្លិបនៅលំដាប់ទី៧ដល់ទី១៣ប្រកួតគ្នាជាធម្មតា។សម្រាប់ការគិតពិន្ទុវិញគឺបូកបន្តគ្នាដោយគិតលើពិន្ទុសរុបជើងទីមួយនិងផលសងគ្រាប់បាល់។ចំណែកជើងទីពីរ គឺតាមប្រព័ន្ធ Head-Head។ 

យ៉ាងណាមិញ ពាក់ព័ន្ធទៅនឹងទីផ្សារដោះដូរកីឡាករវិញ គឺអាចប្ដូរ៥នាក់ដែលមានកម្ពុជា៣នាក់ និងបរទេសពីរនាក់ដំណើរការពីថ្ងៃទី០៨ខែសីហាដល់ថ្ងៃទី០៧ខែកញ្ញា។ការប្ដូរកីឡាករក្នុងការប្រកួតក៏បានបង្កើនដែរគឺពី៣នាក់ដល់៥នាក់តែធ្វើឡើងបានតែ៣លើកប៉ុណ្ណោះក្នុងមួយប្រកួត។

គួរដឹងដែរថាភ្នំពេញក្រោនជាក្រុមគ្រប់គ្រងកំពូលតារាងMCLបណ្ដោះអាសន្ននៅពេលផ្អាកការប្រកួតត្រឹមសប្ដាហ៍ទី៥ ខណៈពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តបានបញ្ចប់វគ្គចែកពូលរួចរាល់៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ