ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា Metfone Cambodian League រដូវកាល២០២០ ត្រូវបានផ្អាកជាបណ្ដោះអាសន្នដោយសារការរាលដាលជំងឺ COVID 19។ ជាមួយគ្នានេះ អ្នកគាំទ្រយ៉ាងច្រើនហាក់អន្ទះសារ និងចង់ទស្សនាការប្រកួតដ៏កក្រើកនេះសាជាថ្មី។ នេះបើយោងតាមការដកស្រង់របស់ CNCC

ជាក់ស្ដែងបុរសមានឈ្មោះហៅក្រៅថា ពូយក្ស រៀបរាប់ “៖សម្រាប់ខ្ញុំ នឹកគឺនឹកហើយ។ នឹកអ្នកគាំទ្រដែលឈរស្រែកហ៊ោជាមួយគ្នា។ គ្រាន់បានថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ទៅមើលបំបាត់ស្ត្រេស។ នឹកមែនទែនតែម្ដងហ្នឹងណា។ សម្រាប់ខ្ញុំចេះតែចង់បានមកវិញហើយ តែមិនមែនថា ចង់បានការប្រកួតដោយគ្មានអ្នកគាំទ្រទេ ព្រោះជាកម្លាំងចិត្តសម្រាប់កីឡាករ តែបើប្រកួតបិទទ្វារ ក៏នឹងបាត់ចំណូលសម្រាប់ក្លិប ព្រោះការលក់សំបុត្រជាផ្នែកមួយទ្រទ្រង់ក្លិបអីចឹងទៅ។ តែយ៉ាងណា ខ្ញុំគោរពតាមការសម្រេចចិត្តពីគណៈកម្មការប្រកួត”។ 

ចំនែក លោក គង់ មករា ដែលជាអ្នកគាំទ្រយ៉ាងសកម្មរបស់ក្លិបបឹងកេតបានត្អូញត្អែរពីការឃ្លាតពីទីលាន ព្រោះលោកតែងតែទៅមើលការប្រកួតរាល់ចុងសប្ដាហ៍។ ដោយឡែក លោក រិន ផានិត ប្រធានក្រុម the Red ដែលជាក្រុមអ្នកគាំទ្រភ្នំពេញក្រោនក៏មិនខុសពីពូយក្សដែរ គឺមានអារម្មណ៍តានតឹងក្នុងចិត្តខ្លះៗ ហើយម្យ៉ាងលោកក៏កំពុងតែរីករាយនឹងការលេងយ៉ាងល្អពីក្រុមខ្លួននៅរដូវកាលនេះផង។

យុវជនមិនសូវបាត់មុខពីទីលានពន្យល់បែបនេះ “៖ក្នុងនាមជាអ្នកគាំទ្រ ខ្ញុំនឹកដល់ការជួបជុំ អបអរសាទរដល់កីឡាករយើង ហើយក៏ចង់ឃើញការប្រកួតមកដល់វិញ និងចង់ឃើញការប្រកួតប្រជែងរបស់ក្លិបខ្ញុំ ព្រោះអំឡុងសម្រាកលីគនេះ កីឡាករខិតខំប្រឹងប្រែងហ្វឹកហាត់ អ៊ីចឹងខ្ញុំចង់ឃើញការប្រកួតមកវិញឆាប់ៗ”។ 

សម្រាប់យុវជន វាសនា សក្ដិដា ដែលជាអ្នកគាំទ្រសកម្មរបស់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទពិតជាចង់ឃើញការលេងរបស់ក្រុមខ្លួនសាជាថ្មីថា នឹងវិវឌ្ឍដល់កម្រិតណាថែមទៀតក្រោយការសម្រាកយូរបែបនេះ។

យ៉ាងណាមិញ ចំពោះអ្នកគាំទ្រព្រះខ័នរាជស្វាយរៀង គឺយុវជន ឯម វិបុល បានបង្ហាញពីអារម្មណ៍ពេលគ្មាន MCL ទស្សនាបែបនេះ “៖មានអារម្មណ៍អផ្សុកអត់មានលីគទស្សនាយូរបែបនេះ។ សង្ឃឹមថា លីគរបស់យើងនឹងត្រលប់មកវិញឆាប់ ព្រោះអីពួកខ្ញុំក៏ទន្ទឹងរង់ចាំ និងខានគាំទ្រយូរ។”

គួរបញ្ជាក់ផងដែរថា ការប្រកួតក្របខណ្ឌ Metfone Cambodian League ត្រូវបានផ្អាកជាបណ្ដោះអាសន្នតាំងពីចប់សប្ដាហ៍ទី៥ កាលពាក់កណ្ដាលខែមីនា៕ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ