(មានវីដេអូ) គួរឲ្យភ្ញាក់ផ្អើល!! Lyon ឡើងទៅប៉ះ Bayern ក្រោយទម្លាក់ក្រុមខ្លាំង Man City ចេញពី Champions
អឺរ៉ុប ៖ ទីបំផុតក្រុមបាល់ទាត់ Olympique Lyonnais បានក្លាយជាក្រុមកូនពៅឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់អឺរ៉ុប UEFA Champions League នារដូវកាលឆ្នាំ២០១៩-២០២០ បន្ទាប់ពីយកឈ្នះ Manchester City ដែលជាក្រុមខ្លាំងក្នុងលទ្ធផល ៣-១ នៅរាត្រីថ្ងៃសៅរ៍ ទី១៥ ខែសីហា។
ក្តីសុបិននៅក្របខណ្ឌ Champions League របស់ក្រុមអង់គ្លេស Manchester City ត្រូវបានបញ្ចប់អស់រយៈពេលមួយឆ្នាំទៀត ក្រោយពីការរកបាន ២គ្រាប់ចុងម៉ោងរបស់កីឡាករខ្សែប្រយុទ្ធ Moussa Dembele នៅនាទី៧៩ និង៨៧ បន្ទាប់ពីត្រូវបានប្តូរចូលនៅនាទី៧៥ ជំនួស Memphis Depay។
Lyon ដែលជាក្រុមមកពី Ligue 1 របស់បារាំង នឹងត្រូវប៉ះជាមួយក្រុម Bayern Munich របស់អាល្លឺម៉ង់នៅថ្ងៃពុធសប្តាហ៍ក្រោយ ដើម្បីដណ្តើមកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ គ្រាដែលក្រុមបារាំងមួយទៀត Paris Saint-Germain នឹងត្រូវជួប RB Leipzig នៅរាត្រីថ្ងៃអង្គារ។
កីឡាករខ្សែបម្រើប្រយុទ្ធ Maxwel Cornet ជាអ្នករកបានគ្រាប់បើកឆាកឲ្យ Lyon តាំងពីវគ្គទី១ ប៉ុន្តែត្រូវបាន Kevin de Bruyne ស៊ុតគ្រាប់តាមបានស្មើវិញសម្រាប់ City ក្នុងវគ្គទី២។
តែយ៉ាងណា Dembele បានទាត់បាល់ពីចម្ងាយ ដើម្បីធ្វើឲ្យ Lyon នាំមុខ ២-១ វិញ ហើយបន្ទាប់មកកីឡាករបម្រុងដដែលនេះ បានរកគ្រាប់បាល់ទី៣ ក្នុងការរក្សាជ័យជម្នះ ១០០% ក្រោយពីមានកំហុសរបស់កីឡាករចាំទី Ederson។
ក្នុងជំនួបដ៏តានតឹងនោះដែរ ខ្សែប្រយុទ្ធ Raheem Sterling បានខកខានឱកាសដ៏អស្ចារ្យដើម្បីតាមស្មើ២-២ ពោលគឺនៅមុន ២នាទីដែល Dembele រកបានគ្រាប់ទី៣ របស់គេក្នុងនាមកីឡាករបម្រុង៕