(មានវីដេអូ) ក្រុមខ្លាំងពីរនៅអង់គ្លេស Liverpool និង Manchester City រកបាន៣ពិន្ទុដូចគ្នានៅ UCL
អឺរ៉ុប ៖ ក្រុមខ្លាំងរបស់អង់គ្លេស Liverpool និង Manchester City បន្តរកបាន ៣ពិន្ទុរៀងៗខ្លួនបន្ថែមទៀត ក្នុងប្រកួតវគ្គសន្សំពិន្ទុលើកទី២ នៅពានរង្វាន់អឺរ៉ុប UEFA Champions League នៅរាត្រីថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០។
ក្រុមរបស់លោក Pep Guardiola បានលើកទ័ពទៅបំបាក់ក្រុម Marseille របស់បារាំងដល់ក្នុងផ្ទះក្នុងជ័យជម្នះ ៣-០ ពីការប្រកួតជើងទី១ ប្រចាំពូល C ដែលជាជ័យជម្នះទី២ របស់ពួកគេផងដែរក្នុងពានអឺរ៉ុប រដូវកាលថ្មីឆ្នាំ២០២០-២០២១ នេះ បន្ទាប់ពីបំបាក់ ៣-១ ទៅលើ FC Porto របស់ព័រទុយហ្គាល់នៅថ្ងៃបើកឆាកនាសប្តាហ៍មុន។
ខ្សែប្រយុទ្ធចំណូលថ្មី Ferran Torres ជាអ្នករកបានគ្រាប់បើកឆាកនៅនាទី១៨ ក្រោយពេលទទួលបាល់ពី Kevin De Bruyne មុនពេល Gundogan និង Raheem Sterling រកបានម្នាក់ ១គ្រាប់នៅនាទី៧៦ និង ៨១ ដើម្បីជួយក្រុមដែលមិនទាន់ស្គាល់រសជាតិពានអឺរ៉ុបនេះ ឡើងទៅឈរនៅកំពូលបណ្តោះអាសន្ន ប្រចាំពូល C ផងដែរ តាមពីក្រោយដោយ FC Porto ដែលមាន ៣ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវ Olympiacos នៅយប់មិញនេះដូចគ្នា។
ចំណែកឯការប្រកួតនៅក្នុងពូល D វិញ ក្រុមជើងឯកពានអឺរ៉ុប UEFA Champions League ឆ្នាំ២០១៩ ហង្សក្រហម Liverpool ក៏បានយកឈ្នះគូប្រជែង FC Midtjylland របស់ដាណឺម៉ាក ២-០ ផងដែរនៅកីឡដ្ឋាន Anfield បន្ថែមលើជ័យជម្នះ ១-០ ទៅលើក្រុម Ajax របស់ហូឡង់កាលពីសប្តាហ៍មុន ដើម្បីឡើងទៅគ្រប់គ្រងកំពូលតារាងវិញ គ្រាដែល Atalanta រកបានត្រឹម ១ពិន្ទុបន្ថែមពេលប្រកួតស្មើ ២-២ ទល់នឹង Ajax ក្នុងប្រកួតទី២ យប់មិញនេះដូចគ្នា។
យ៉ាងណាមិញ សមាជិកថ្មីក្នុងរដូវកាលនេះ Diogo Jota និង Mohamed Salah ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទីរៀងគ្នា ៥៥ និងនាទី៩០ (ប៉េណាល់ទី)៕
គួរបញ្ជាក់ផងដែរថា ក្រុមមេឃខៀវ Man City ពិតជាធ្វើបានល្អ ដោយឆ្លងកាត់២ប្រកួតមាន៦ពិន្ទុ។ ដោយឡែក ក្រុមហង្សក្រហម Liverpool វិញ ក៏ធ្វើបានល្អដែរ ឆ្លងកាត់២ប្រកួត ឈ្នះទាំងពីរប្រកួតមាន៦ពិន្ទុ។