នៅថ្ងៃព្រហស្បត្តិ៍នេះបានរាយការណ៍ថាពុំបានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ក្នុងស្រុកជាលើកដំបូងបើគិតចាប់តាំងខែកុម្ភៈមក ហើយសូម្បីតែការបោះឆ្នោតដ៏ធំដែលមានមនុស្សរាប់លាននាក់ចូលរួមក៏ពុំមានករណីឆ្លងវីរុសកូវីដ-១៩ដែរ។ នេះបើដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មានReuters នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។

បើតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង បានឲ្យដឹងថាខណៈពុំមានករណីឆ្លងវីរុសកូវីដ-១៩ ក្នុងស្រុក តែខ្លួនបានរកឃើញករណីឆ្លងនាំចូលពីក្រៅប្រទេសចំនួន ០៤ករណី និងអ្នកស្លាប់ម្នាក់ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ១០,៧៦៥ករណី និងអ្នកស្លាប់កើនដល់ ២៤៧នាក់ ស្របពេលដែលមនុស្សចំនួន ៩,០៥៩នាក់បានជាសះស្បើយពីវីរុសនេះផងដែរ។

ជាមួយគ្នានេះអាជ្ញាធរកូរ៉េខាងត្បូង ក៏បានបញ្ជាក់ដែរថា ការបោះឆ្នោតដ៏ធំក្នុងប្រទេសខ្លួន ពុំមានអ្នកឆ្លងវីរុសកូវីដ-១៩នោះទេ ដោយសារតែរដ្ឋាភិបាលមានវិធានការការពារ និងទប់ស្កាត់យ៉ាងតឹងរ៉ឹងបំផុត។ ជាក់ស្ដែងលោកYoon Tae-ho អគ្គនាយកទទួលបន្ទុកផ្នែកសុខភាពសាធារណៈ បានបញ្ជាក់ថា ក្នុងចំណោមអ្នកបោះឆ្នោតប្រមាណ ២៩លាននាក់ដែលបានចូលរួមការបោះឆ្នោតកាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅឡើយ គ្មានរបាយការណ៍ពីករណីពាក់ព័ន្ធនឹងអ្នកឆ្លងឡើយ ហើយការបោះឆ្នោតបានកន្លងផុតទៅប្រមាណ ១៤ថ្ងៃហើយផងដែរ។

គួរបញ្ជាក់ដែរ ថាស្ថិតិនៃការថយចុះចំនួនទាំងអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ-១៩ ក្នុងប្រទេសកូរ៉េខាងត្បូង កើតឡើងក្រោយពីអាជ្ញាធរប្រទេសនេះបានអនុវត្តការធ្វើតេស្តសុខភាពលើពលរដ្ឋ និងវិធានការណ៍គម្លាតសង្គម។ ជាក់ស្ដែងកូរ៉េខាងត្បូងនឹងបន្តអនុវត្តវិធានការណ៍គម្លាតសង្គមរហូតថ្ងៃទី០៥ ខែមេសា ប៉ុន្តែសម្រាប់កន្លែងសាសនា និងកន្លែងកីឡាពុំមានការហាមឃាត់តឹងតែងនោះឡើយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ