រាជធានីភ្នំពេញ ៖ យុវជនម្នាក់ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះថា Sothea Ou បានបង្ហោះរូបភាព និងសារ នៅម៉ោង២និង១៨នាទីរសៀលថ្ងៃទី៧ មករា ២០២១នេះថា «សូមប្រយ័ត្ន! ហាងលក់ទូរស័ព្ទដៃ គីម ហាប់ ផ្លូវកម្ពុជាក្រោម បានប្រើស្នៀត ស្ទើរតែគ្រោះថ្នាក់ ទាន់ហន់ ដល់អតិថិជន» ។

លោក អ៊ូ សុធា បានពន្យល់ដំណើរទាំងស្រុងថា កាលពីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ខ្ញុំបានជិះកង់ម្នាក់ឯង តាមបណ្តោយផ្លូវកម្ពុជាក្រោម ដើម្បីរកទិញទូរស័ទ្ទ ហើយបានឈប់កង់ចូលទៅ ក្នុងហាងលក់ទូរស័ព្វដៃទំនើប គីំម ហាប់ (KIM HAB STORE ) ស្ថិតនៅ ផ្ទះលេខ ៤២៨ ផ្លូវ កម្ពុជាក្រោម ក្រុងភ្នំពេញ ក្នុងនោះមានបុរសម្នាក់ជាអ្នកលក់ ទូរស័ព្ទអាយុប្រហែល ៣០ឆ្នាំ មានមាឌស្តើង និងសហការីម្នាក់ អាយុប្រហែល២០ឆ្នាំ ។

ដោយលោក អ៊ូ សុធា ធ្លាប់បានឃើញ នៅក្នុង Page របស់ហាងនេះបង្ហាញថា មានលក់ទូរស័ព្ទដៃជាផលិតផលរបស់ប្រទេសជប៉ុន(មានប្រព័ន្ធការពារជំរាបទឹក) ខ្ញុំ(អ៊ូ សុធា)បានសួររកទូរស័ព្ទនោះ អ្នកលក់ ក៏បានយកទូរស័ព្ទបួន,ប្រាំគ្រឿង មកអោយមើល ។ ភ្លាមខ្ញុំ ក៏បានពិនិត្យទូរស័ព្ទទាំងនោះ រួចបានយកមួយគ្រឿង មកតេស្ត សំឡេង ពិនិត្យមើលសំបកអេក្រង់ កាម៉េរ៉ា សេវ៉ា បន្ទាប់មកក៏សុំតេស្តជម្រាបទឹក អ្នកលក់ក៏យល់ព្រម ហើយក៏បានប្រើសហការីរបស់ខ្លួន អោយចាក់ទឹកបន្តិចចូលក្នុងប្រអប់ជ័រ រួចហុចមកអោយ ខ្ញុំក៏យកទូរស័ព្ទនោះ ដាក់ចូលក្នុងប្រអប់ជ័រ ផ្លុក! ភ្លាមនោះសហការី បានយកទូរស័ព្ទចេញពីប្រអប់ជ័រផ្លែត មកជូត ខ្ញុំក៏ស្នើរសុំ តេស្តជម្រាបទឹក រយៈពេលប្រាំនាទី តែអ្នកលក់មិនអនុញ្ញាតិ ហើយក៏និយាយថា “គ្រាន់តែរឿងទូរស័ព្ទប៉ុណ្ណឹងក៏ល្ងង់ដែរ” ខ្ញុំក៏ឆ្លើយវិញថា “ ខ្ញុំចង់ទិញទូរស័ព្ទដែលមានអាវគ្រោះការពារជម្រាបទឹក ដូចដែល FaceBook Page របស់ហាងនេះ បានបង្ហាញ” ។

ចំណែកឯអ្នកលក់ទូរស័ព្ទមិនឲ្យតេស្ត ហើយនៅតែបន្តនិយាយថា “គ្រាន់តែរឿងទូរស័ព្ទប៉ុណ្ណឹងក៏ល្ងង់ដែរ” ខ្ញុំក៏និយាយថា៖ “ខ្ញុំអត់ទិញទូរស័ព្ទនេះទេ” ។ ភ្លាមនោះ អ្នកលក់បាននិយាយថា៖ “បើមិនទិញ គឺត្រូវបង់ថ្លៃសេវា” ខ្ញុំតបថា “ខ្ញុំមិនបង់ ព្រោះខ្ញុំ មិនបានប្រើសេវាអ្វីនៅទីនេះទេ!” ។ ពេលនោះអ្នកលក់និយាយថា៖ “បើមិនបង់ថ្លៃសេវា..សាកមើលទៅដឹងហើយ.. ហាងនឹងហៅគេមកដោះស្រាយ” ខ្ញុំបានតបថា៖ “ហៅមកអ៊ីចឹង ហៅប៉ូលិសមកផង” អ្នកលក់ទូរស័ព្ទតប៖ “ខ្ញុំនឹងហៅប៉ូលិសមកឥឡូវនេះ” ខ្ញុំតប៖ “អូខេ ខ្ញុំរង់ចាំ” ។

ពេលនោះខ្ញុំអង្គុយ រង់ចាំមួយសន្ទុះ ក៏មានអារម្មណ៍ស្រេកទឹក ហើយបាននិយាយទៅកាន់អ្នកលក់ទូរស័ព្វថា៖ “ខ្ញុំរង់ចាំ ប្រាំនាទីទៀតបើគ្មានអ្នកណាមកដោះស្រាយទេ ខ្ញុំទៅហើយ” ពេលនោះអ្នកលក់ទូរស័ព្ទ ក៏និយាយថា៖ “កុំចង់ទៅណា.. ទៅណាមិនបានទេ..” ហើយក៏មកអង្គុយក្បែរខ្ញុំ ។ ប្រាំនាទី បានកន្លងផុតទៅ ខ្ញុំបាននិយាយថា៖ “ខ្ញុំស្រេកទឹក ខ្ញុំទៅទិញទឹកផឹក” ពេលនោះ អ្នកលក់ទូរស័ព្ទបានក្រោកមកឈរ ពាំងមុខខ្ញុំ ក្បែរទ្វារហាង ហើយនិយាយថា “កុំចង់គេចទៅណា.. នៅទីនេះហើយ” ខ្ញុំក៏ក្រោកដើរ ហើយនិយាយថា “ខ្ញុំមិនចង់គេចទៅណាទេ ខ្ញុំស្រេកទឹក ខ្ញុំទៅទិញទឹកផឹក បើមិនជឿដើរតាមមក” ។

ពេលនោះអ្នកលក់ទូរស័ព្ទ ក៏ស្ទុះទៅក្របួចកអាវខ្ញុំ ហើយរុញខ្ញុំបុកនឹងទ្វារ ធ្វើអោយខ្ញុំឈឺបន្តិចបន្តួច តែខ្ញុំមិនតដៃទេ ទោះដឹងថា ខ្លួឯង មានកម្លាំងអាចចាប់លើកអ្នកលក់ទូរស័ព្ទ បោះចោលក៏បាន តែខ្ញុំមិនធ្វើ ព្រោះមិនចង់ប្រើហិង្សា គ្រាន់តែព្យាយាមរើខ្លួន ចេញទៅក្រៅហាង ដើម្បីទិញទឹកផឹក ។

ពេលដែលកំពុងតែរើខ្លួនចេញពីទ្វារហាង អ្នកលក់ទូរស័ព្វ បានព្យាយាមមួលកអាវខ្ញុំ ហើយស្រែកយ៉ាងខ្លាំងៗថា “ចោរៗ!!! ចោរៗ!!! ចោរៗ!!!” ពេលនោះ អ្នកធ្វើការនៅមុខហាង ហុងកុង បាញ់ថ្នាំម៉ូតូ ជាច្រើននាក់ផ្អើល! បានដាក់ការងារចុះ ហើយនាំគ្នាងាកមកមើលព្រោងព្រាត ចំណែកអ្នកធ្វើដំណើរតាមដងផ្លូវកម្ពុជាក្រោម ត្រង់ចំណុចកើតហេតុ នោះបាននាំគ្នាឈប់ មានអ្នកខ្លះចុះពីលើម៉ូតូ ដោះមួកសុវត្ថិភាពពីក្បាល កាន់ណែនក្នុងដៃ ទំនងជាចង់វ៉ៃខ្ញុំ ហើយមនុស្សមួយចំនួនទៀត ក៏មានឥរិយាបថ ចង់វ៉ៃដែរ ភ្លាមៗនោះ ខ្ញុំបានលើកដៃស្តាំ ចង្អុលម្រាមទាំងប្រាំ សំដៅទៅអ្នកលក់ទូរស័ព្ទ ហើយស្រែកខ្លាំងៗថា “បងប្អូន ឮហើយថា គាត់បានចោទខ្ញុំថាជាចោរ..!!! តើខ្ញុំជាចោរ ដូចដែលគាត់បានចោទដែរឬអត់ ? សូមបងប្អូនចាំបន្តិច ប៉ូលិសមកដល់ឥឡូហើយ” ។

ខណៈនោះ មហាជនដែលកំពុងតែចោមរោមនៅឈរទ្រឹង ខ្ញុំក៏ដំណាលរឿងរ៉ាវ ក្នុងហាងប្រាប់មហាជន ឲ្យឮៗ ស្រាប់តែអ្នកលក់ទូរស័ព្ទ ព្យាយាមទាញខ្ញុំ ចូលទៅក្នុងហាងវិញ តែខ្ញុំមិនទាន់ ចូលក្នុងហាងភ្លាមទេ ព្រោះខ្លាច ផ្ទុះរឿងក្នុងហាង គេចោទបានតាមចិត្ត ពេលនោះ ស្រាប់តែមានបុរសម្នាក់ ចេញពីហាងក្បែនោះ មកដកយកទូរស័ព្ទ ពីហោប៉ៅខ្ញុំ ២គ្រឿង ខណៈនោះខ្ញុំបានចាប់យកទូរស័ព្ទទាំង២នោះ ដាក់ក្នុងហោប៉ៅវិញ ហើយប្រាប់ទៅវិញថា៖ “ទូរស័ព្ទ ខ្ញុំតើ!” ហើយបុរស់ម្នាក់នោះបម្រុងចាប់ខ្ញុំឆែកឆេរ តែខ្ញុំក៏បាននិយាយថា “ពេលនេះមានតែប៉ូលិសទេ ដែលអាចប៉ះខ្លួនខ្ញុំបាន!” ឮដូច្នោះ បុរសនោះ ក៏ដកខ្លួនចេញទៅវិញ ស្របពេលនោះដែរ មានបុរសម្នាក់មាឌធំ អាយុប្រហែលជាជាង៤០ឆ្នាំ ដុះក្បាលពោះបន្តិច និងប៉ូលិសម្នាក់ បានមកដល់ ។

ប៉ូលីស និងបុរសមាឌធំនោះ បានហៅខ្ញុំ ចូលទៅដោះស្រាយគ្នា ក្នុងហាងវិញ ខ្ញុំបានប្រាប់ថា “មានប៉ូលិសទៅជាមួយខ្ញុំ ទើបខ្ញុំព្រមចូលទៅក្នុងហាង ដើម្បីដោះស្រាយគ្នាវិញ!” ពេលចូលដល់ក្នុងហាង បុរសមាឌធំ បានអង្គុយលើកៅអី យ៉ាងនឹងធឹង សហការីម្នាក់នៅខាងក្នុងកំពុងតែស្ដាប់ អ្នកលក់ទូរស័ព្ទ និងខ្ញុំដំណាល់រឿងប្រាប់ប៉ូលិសម្ដងម្នាក់ ក្រោយពីស្ដាប់ចប់សេចក្តី ប៉ូលិសបាននាំអ្នកលក់ទូរស័ព្ទ ចូលទៅក្រោយ ហើយមួយសន្ទុះក្រោយមក អ្នកទាំងពីរបានត្រលប់មកវិញ បន្ទាប់មក ប៉ូលិស បានហៅខ្ញុំទៅក្រោយម្ដង ដើម្បីបញ្ចុះបញ្ចូល ក្នុងគោលបំណងសម្របសម្រួល ដើម្បីបញ្ចប់រឿង ខ្ញុំក៏បានយល់ព្រម តាមប៉ូលិស ហើយដើរចេញមកក្រៅ ជាមួយប៉ូលិសវិញ និងសុំយកស៊ីមកាតរបស់ខ្លួន ដែលបានដាក់តេស្តនៅក្នុងទូរស័ព្ទ ដែលបម្រុងនឹងទិញនោះ ហើយក៏លាប៉ូលិស ដើរចេញក្រៅទៅ ។

ជាចុងក្រោយ គ្រាន់តែចង់ចែករំលែកបទពិសោធន៍អាក្រក់មួយនេះ ដល់បងប្អូនឲ្យបានដឹង និងមានការប្រុងប្រយ័ត្ន កុំឲ្យជួបដូចខ្ញុំ (លោកSothea Ou) ។

យ៉ាងណាសំណេរខាងលើនេះ ជារបស់ភាគីខាងអតិថិជន។ ហើយក្រោយលោក អ៊ូ សុធា បង្ហោះសារបានប៉ុន្មានម៉ោង FaceBook Page របស់ហាងលក់ទូរស័ព្វដៃ គីម ហាប់ បានបិទដំណើរការ មិនអាចមើលឃើញទេ ។ យ៉ាងណា គេក៏ឃើញផេក KIMHAB បានចូលខមមិនព្រមានប្តឹងលោក អ៊ូ សុធា ផងដែរ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ