ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ចាប់ពីថ្ងៃទី៩ដល់១៧ខែមករាឆ្នាំ២០២១ នៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា នឹងចុះត្រជាក់រហូតដល់ ១៣អង្សាសេ។

យោងតាមសេចក្តីប្រកាសព័ត៌មានបន្ថែម ស្តីពី ស្ថាន ភាពអាកាសធាតុរបស់ក្រសួងធនធានទឹក នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១បានឲ្យដឹងថា សម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងធ្លាក់ចុះមកក្រោម នាំមកនូវធាតុត្រជាក់ ពីតំបន់ស៊ីប៊ីរី គួបផ្សំជាមួយនឹងខ្យល់មូសុងឦសានខ្លាំង លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ ចាប់ពីថ្ងៃ៩ ដល់ ថ្ងៃ១៧មករា ពិសេសពីថ្ងៃ១១ ដល់ថ្ងៃ១៤ មករា តំបន់ វាលទំនាប សីតុណ្ហភាពអប្បបរមា នឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៣អង្សាសេ ទៅ ១៥អង្សាសេ លាយឡំជាមួយខ្យល់មធ្យម ។ សម្រាប់រាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមា នឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ ១៦អង្សាសេ ។

ចំណែកតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា នឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១១អង្សាសេ ទៅ១៣អង្សាសេ លាយឡំជាមួយខ្យល់ខ្លាំង ។

ដោយឡែកតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា នឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៧អង្សាសេទៅ ១៩ អង្សាសេ។ នៅថ្ងៃទី ១២ ខែមករា នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។

ក្រសួងក៏បានអំពាវនាវកងទ័ពរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន បង្កើនការ យកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះអាកាសធាតុចុះត្រជាក់ខ្លាំងនេះ ។ ដោយឡែក ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ