ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការព្រមានចាប់ លោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ (ពីមុនឈ្មោះថាគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ) ដែលដើរយកលុយពីប្រជាពលរដ្ឋ ជាថ្នូរនឹងការជួយដោះស្រាយបញ្ហាពួកគេ នៅតំបន់បឹងជង្រុក ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សម្ដេច បានដឹងព័ត៌មាននេះ ព្រមានឲ្យលោក ចាន់ យ៉េត ដកខ្លួនចេញជាបន្ទាន់ភ្លាមៗ។

«ចាន់ យ៉េត បើមិនចង់ជាប់គុក ដកខ្លួនឲ្យឆ្ងាយ»។ នេះជាសាររបស់សម្ដេចតេជោ ហ៊ុន សែន ដែលទុកពេលឲ្យធានគណបក្សនគរប្រជាធិបតេយ្យរូបនេះ កែប្រែខ្លួន មុននឹងសម្ដេច ចាត់វិធានការក្តៅ។ 

មិនត្រឹមតែបោកលុយពលរដ្ឋពាក់ព័ន្ធរឿងដីធ្លីទេ លោក ចាន់ យ៉េត ក៏បានយកឈ្មោះសម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងស្ថាប័នផ្សេងៗ ទៅប្រើប្រាស់ ដើម្បីឆបោកលុយពីពលរដ្ឋដែរ។ ថ្លែងសារពិសេសពីភូមិគ្រឹះ នាទីក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ធ្នូនេះ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ដូច្នេះថា៖«ចាន់ យ៉េត ដើរកត់ឈ្មោះពលរដ្ឋ យកលុយ ដើម្បីជាថ្នូរនឹងយកអំណោយពីរដ្ឋាភិបាលទៀត»។

សម្ដេចតេជោ ហ៊ុន សែន អះអាងថា សម្ដេចមានភស្តុតាងគ្រប់គ្រាន់ សម្រាប់ចាប់ខ្លួនលោក ចាន់ យ៉េត នៅពេលណាក៏បាន។ ប៉ុន្តែសម្ដេច មិនចង់អនុវត្តភ្លាមៗទេ ដោយចង់ទុកពេលឲ្យប្រធានគណបក្សនគរប្រជាធិបតេយ្យរូបនេះកែខ្លួន ដោយត្រូវសង់ប្រាក់ទៅពលរដ្ឋវិញ ដើម្បីបញ្ចៀសការចាប់ខ្លួន។ 

«ខ្ញុំបានប្រាប់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម ឱម យិនទៀង ហើយថា បើ ចាន់ យ៉េត មិនដកខ្លួនចេញទេ គឺចាប់ខ្លួនតែម្ដង»។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបន្ថែមថា ក្រៅពីលោក ចាន់ យ៉េត ក៏មានមនុស្សផ្សេងទៀត ដែលជាក្រុមបក្ខពួករបស់លោក ចាន់ យ៉េត ដែលជាមេខ្យល់ដើរបោកលុយប្រជាពលរដ្ឋ ពាក់ព័ន្ធរឿងដីធ្លី, កត់ឈ្មោះទទួលអំណោយ រួមទាំងលុយយកកសាងសាលារៀន មន្ទីរពេទ្យ និងប្រព័ន្ធទឹកជាដើម។

សម្ដេច ហ៊ុន សែន អះអាងថា រដ្ឋជាអ្នកកសាងសាលារៀន មន្ទីរពេទ្យ និងប្រព័ន្ធទឹកនេះ ដោយមិនមែនដើរប្រមូលលុយពីពលរដ្ឋសាងសងដូចក្រុមលោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យឡើយ។

គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានសម្រេចបញ្ចប់មុខលោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ (ពីមុនឈ្មោះថាគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ) ពីសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ កាលពីថ្ងៃទី៩ ធ្នូ តាមសំណើរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ