អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង គ្រោងបើកដំណើរការ ចុងឆ្នាំ២០២១ ដោយគម្រោងវិនិយោគ ជាង២០០លានដុល្លារ ក្នុងដំណាក់កាលទី១
ភ្នំពេញ ៖ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង គ្រោងបើកប្រតិបត្តិការ ហោះហើរជាលើកដំបូង នៅចុង ឆ្នាំ២០២១ខាងមុខនេះ បន្ទាប់ពីបញ្ចប់ការសាងសង់ កាលពីចុងឆ្នាំ២០២០ កន្លងទៅ ដែលវិនិយោគទឹកប្រាក់ ជាង២០០លានដុល្លារ ក្នុងដំណាក់កាលទី១។ យោងតាមការចេញផ្សាយ ក្រសួងព័ត៌មាន។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា អាកាសយានដ្ឋាន អន្តរជាតិតារាសាគរ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិន មានឈ្មោះថា Chinese Firm Tianjin Union Development Group (UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល សម្រាប់សាងសង់ព្រលានយន្តហោះ និងការអភិវឌ្ឍតំបន់ផ្សេងៗទៀត នៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ក្បែរនឹងឈូងសមុទ្រថៃ។
លោកបញ្ជាក់យ៉ាងដូច្នេះថា «អាកាសយានដ្ឋានតារាសាគរ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២១នេះ ពាក្យបញ្ចប់បាន ន័យថា នៅការធ្វើតេស្តការសាកល្បងការកែតម្រូវ គឺដើម្បីទទួលបាននូវវិញ្ញាបនបត្រប្រតិបត្តិការ ក៏ត្រូវប្រើរយៈពេល ៦ខែទៀត គឺពីខែ១ ដល់ខែ៧នេះ យើងសង្ឃឹមថា នៅខែ ៧នេះ នឹងអាចដាក់ដំណើរការបានជាផ្លូវការ ប៉ុន្តែក្នុងនោះ ក៏មានលទ្ធភាពអាចមានការយឺតយ៉ាវបន្តិចបន្តួច ដោយសារការរៀបចំបំពេញបែបបទឯកសារ និងការធ្វើតេស្តសាកល្បង អាចមានការពន្យារពេលបន្តិចបន្តួច ទី២ អាកាសយានដ្ឋាននេះ គឺប្រភេទ4e ដែលអាចធ្វើការចុះចតប្រភេទយន្តហោះធុនកណ្ដាល ដែលហោះហើររយៈចម្ងាយឆ្ងាយបាន»។
សូមរំលឹកថា សម្រាប់ការសាងសង់ព្រលានយន្ដហោះតារាសាគរ នៅដំណាក់កាលទី១ ចំណាយថវិកា ជាង២០០លានដុល្លារនោះ គឺសាងសង់លើផ្ទៃដីជាង២១៨ហិកតា មានសមត្ថភាពអាចទទួលការចុះចតយន្តហោះធុន Boeing777 និង Airbus340 ដែលជាប្រភេទយន្ដហោះខ្នាតធំ។
ជាងនេះទៀត ក្រៅពីព្រលានយន្ដហោះតារាសាគរ ខេត្តកោះកុង រាជរដ្ឋាភិបាល ក៏កំពុងសាងសង់បន្ថែមនូវព្រលាន យន្ដហោះ នៅក្នុងខេត្តកោះកុង មួយទៀត ក្បែរទីរួមខេត្ត ខណៈ ព្រលានយន្ដហោះភ្នំពេញថ្មី និងអាកាសយានដ្ឋានថ្មី នៅខេត្តសៀមរាប កំពុងសម្រុកការសាងសង់ ហើយព្រលានយន្ត ហោះមួយទៀត ក្នុងខេត្តមណ្ឌលគិរីកំពុងសិក្សាត្រៀមសាងសង់ នៅចុងឆ្នាំ២០២១នេះផងដែរ៕EB