សត្វឆ្កែមួយលានក្បាល ត្រូវបានសម្លាប់ ! អង្គការ FOUR PAWS ចុះបិទកន្លែង សត្តឃាតដ៏ធំមួយនៅកម្ពុជា និងបានសង្គ្រោះ សត្វឆ្កែ១៦ក្បាល
ភ្នំពេញ ៖ អង្គការសុខុមាលភាពសត្វ សកលលោក FOUR PAWS បានបិទកន្លែងសំលាប់សត្វឆ្កែ ដ៏សាហាវមួយ នៅស្គន់ កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១ និងបានជួយសង្គ្រោះសត្វឆ្កែ ១៦ ក្បាលបន្ថែមទៀត ។ ទីសត្តឃាត ត្រូវបានគេចាត់ទុកថា ជាអ្នកផ្គត់ផ្គង់សាច់ឆ្កែ ដ៏សំខាន់នៅក្នុងតំបន់ ។
ចាប់តាំងពីបើកកន្លែងនេះ នៅឆ្នាំ ១៩៩៥ ម្ចាស់ទីតាំងបាន អះអាងថា គាត់បានពន្លិចសត្វឆ្កែ ក្នុងទឹករហូតដល់ទៅ ២០០ក្បាលក្នុងមួយថ្ងៃ និងផ្គត់ផ្គង់សាច់ឆៅដល់ភោជនីយដ្ឋាន លក់សាច់ឆ្កែ នៅក្នុងនិងជុំវិញរាជធានីភ្នំពេញ ។ អង្គការ FOUR PAWS បានយកសត្វឆ្កែ ដែលត្រូបបានជួយសង្គ្រោះទាំងនោះ ទៅឱ្យអង្គការដៃគូ ក្នុងស្រុករបស់ពួកគេ ហើយនិងកំពុងរៀបចំ ឱ្យគេយកទៅចិញ្ចឹម ។ នៅប្រទេសកម្ពុជា មានសត្វឆ្កែប្រមាណ ៣ លានក្បាល ដែលភាគច្រើន ជាសត្វចិញ្ចឹម ដែលត្រូវបានចោរលួច ត្រូវបានគេសម្លាប់ យកសាច់ជារៀងរាល់ឆ្នាំ ។
អង្គការ FOUR PAWS បានដឹងអំពីទីតាំង ទីសត្តឃាត ដែលស្ថិតនៅម្ដុំស្គន់មួយនេះ តាមរយៈការស៊ើបអង្កេត លើការជួញដូរសាច់ឆ្កែនិងឆ្មា នៅអាស៊ីអាគ្នេយ៍កាលពីឆ្នាំមុន ។ ក្រុមការងារក្នុងស្រុក របស់អង្គការ FOUR PAWS បានទៅជួបជាមួយម្ចាស់ទីតាំង ជាច្រើនដង ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បន្ទាប់ពីគាត់បានទាក់ទងរកជំនួយ ដើម្បីដើរចេញពីការ រកស៊ីលក់សាច់ឆ្កែបន្ដទៀត ។
លោកស្រីបណ្ឌិត ខាធើរីនប៉ូឡាក់ ដែលជាពេទ្យសត្វ និងជាប្រធានផ្នែកថែរក្សាសត្វ អនាថា នៅអាស៊ីអាគ្នេយ៍ បានរាយការណ៍ថា «ទីសត្តឃាតមួយនេះ គឺជាកន្លែងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ដែលក្រុមរបស់យើងបានប្រទះ ។ នៅពេលដែលយើងបានរកឃើញអាងទឹក ស៊ីម៉ងត៍ពីរជាន់ វាបានបញ្ជាក់យ៉ាងច្បាស់ដល់យើងថា កន្លែងសំលាប់សត្វនេះ ត្រូវបានរចនាឡើង សំរាប់សំលាប់រង្គាល ។ ក្នុងរយៈពេល ២៥ ឆ្នាំនេះ សត្វឆ្កែជាងមួយលានក្បាល ត្រូវបានពន្លិចក្នុងទឹក នៅឯទីសត្តឃាតមួយនេះ ។ ការអនុវត្តនៃការពន្លិចទឹកសត្វឆ្កែទាំងរស់នេះ បង្កឱ្យមានភាពឈឺចាប់យ៉ាងខ្លាំង ដល់សត្វ ហើយការធ្វើបែបនេះ គឺវាពិតជាមិនបាន សូម្បីតែអនុលោមតាមស្តង់ដារអន្តរជាតិ នៃមនុស្សធម៌ណាមួយ ទាល់តែសោះ»។
លោកស្រីបន្ដថា សត្វឆ្កែ ១៦ ក្បាល ដែលបានរកឃើញនៅនឹងកន្លែង គឺជាសត្វរស់រានមានជីវិត ពីការអនុវត្តន៍បុរាណដ៏ គួរឱ្យរន្ធត់មួយនេះ ដែលមិនគួរអោយមានវត្តមាន នៅក្នុងសង្គមទំនើបមួយនេះទេ ។ អតីតម្ចាស់ទីសត្តឃាត បានធានាដល់អង្គការ FOUR PAWS និង អាជ្ញាធរក្នុងតំបន់ ថាគាត់នឹងលែងចូលរួម ក្នុងជួញដូរសាច់ឆ្កែទៀតហើយ ។ អង្គការ FOUR PAWS កំពុងសម្របសម្រួល ការផ្លាស់ប្តូរជីវិតរបស់គាត់ ពីកន្លែងសត្តឃាត ទៅជាហាងទំនិញទូទៅ និងអាជីវកម្មសំណង់៕