រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចបញ្ចប់មណ្ឌលចត្តាឡីស័កចំពោះក្រុមចំនួន៣០ នៃភូមិ៣សង្កាត់លេខ១ ក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចបញ្ចប់មណ្ឌលចត្តាឡីស័កចំពោះក្រុមចំនួន៣០ នៃភូមិ៣(តំបន់ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ទន្ទឹមនឹងការសម្រេចបញ្ចប់ជាមណ្ឌលចត្តាឡីស័កនេះ រដ្ឋបាលខេត្តព្រះសីហនុបានអនុញ្ញាតឱ្យប្រជាពលរដ្ឋនៃភូមិ៣ (តំបន់ទំនប់រលក) សង្កាត់លេខ១ ដំណើរការអាជីវកម្មលក់ដូរនៅតាមផ្ទះឡើងវិញ ដោយត្រូវអនុវត្តស្តង់ដារប្រតិបត្តិមួយចំនួនសម្រាប់ការលក់ដូរបណ្តោះអាសន្នដូចជា៖
-អាជីវករទាំងអស់ត្រូវមានលទ្ធផលតេស្ដអវិជ្ជមានកូវីដ១៩ ចំនួន២ដង ដែលបញ្ជាក់ដោយមន្ដ្រីសុខាភិបាល
-បើកដំណើរការលក់ដូរចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៥រសៀល
-អាជីវករត្រូវរៀបចំឱ្យមានការរក្សាគម្លាតសុវត្ថិភាព និងត្រូវមានអាល់កុល ឬជែលសម្រាប់អតិថិជនលាងដៃ
-នៅតាមផ្ទះនីមួយៗ ត្រូវមានខ្សែសុវត្ថិភាពចងព័ន្ធជុំវិញ និងមិនត្រូវអនុញ្ញាតឱ្យអ្នកទិញចូលក្នុងផ្ទះជាដាច់ខាត
-អាជីវករត្រូវបិទតារាងតម្លៃមុខទំនិញជាអក្សរធំៗនៅមុខផ្ទះ ដើម្បីងាយស្រួលមើលជៀសវាងការសួរនាំគ្នាច្រើន
-ទាំងអាជីវករ ទាំងអតិថិជនត្រូវតែពាក់ម៉ាសឱ្យបានត្រឹមត្រូវ និងរក្សាគម្លាតសុវត្ថិភាព ត្រូវរក្សាគម្លាតពីអ្នកដទៃ ដោយត្រូវប្រញាប់ប្រញាល់ទិញម្ហូបអាហារឱ្យបានលឿន និងរក្សាទុកបានច្រើនថ្ងៃ
-មិនត្រូវអនុញ្ញាតឲ្យកុមារទៅទិញទំនិញ ឬនៅកន្លែងលក់ដូរឡើយ
-ត្រូវគោរពតាមការណែនាំរបស់អាជ្ញាធរមានសម្ថកិច្ចជាដាច់ខាត៕