អាល្លឺម៉ង់៖ ក្របខណ្ឌ Bundesliga ជាលីគបាល់ទាត់កំពូលនៅតំបន់អឺរ៉ុប ដំបូងគេបង្អស់ដែលបានត្រឡប់មកបើកការប្រកួតវិញ ចាប់តាំងពីផ្អាកសកម្មភាពប្រកួត ដោយសារជំងឺកូវីដ១៩ តាំងពីខែមីនា។ 

កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ ក្រុម 1. FC Union Berlin ក្នុងនាមជាម្ចាស់ផ្ទះ បានបើកទ្វារកីឡដ្ឋាន Alte Foersterei ទទួលស្វាគមន៍ក្រុមភ្ញៀវ FC Bayern Munich ក្នុងជំនួបប្រចាំសប្ដាហ៍ទី២៦ ។ 

ក្នុងការប្រកួតនោះ ក្រុមភ្ញៀវ Bayern ធ្វើបានល្អជាងក្រុមម្ចាស់ផ្ទះ ដោយគ្រប់គ្រងបាល់បាន៦៥ភាគរយ បង្កើតឱកាសស៊ុតបាន៨ដង ចំគោលដៅ៣ដង សម្រេចទីបាន២គ្រាប់។ ចំណែកឯក្រុម Union Berlin បង្កើតឱកាសស៊ុតបាន៥ដងដែរ ប៉ុន្តែមិនអាចទម្លុះសំណាញ់ទីក្រុមភ្ញៀវបាននោះទេ។ 

២គ្រាប់របស់ Bayern រកបានដោយកីឡាករ២រូបផ្សេងគ្នា ក្នុងនោះគ្រាប់ទី១ ជាការស៊ុតបាល់ពិន័យ១១ម៉ែត្រ របស់ខ្សែប្រយុទ្ធ Robert Lewandowski នៅនាទី៤០ និងគ្រាប់ទី២ សម្រេចទីតាមរយៈការតែតដ៏ល្អ របស់ខ្សែការពារស្លាបស្ដាំសញ្ជាតិបារាំង Benjamin Pavard នៅនាទី៨០។ 

គួរឲ្យដឹងដែរថា ជ័យជម្នះខាងលើ បានជួយ Bayern រក្សាតំណែងកំពូលតារាងក្របខណ្ឌ Bundesliga ដោយគិតត្រឹមសប្ដាហ៍ទី២៦នេះ ពួកគេរកបាន៥៨ពិន្ទុ មានគម្លាតពីក្រុមលេខ២ Borussia Dortmund ចំនួន៤ពិន្ទុ។ 

ទន្ទឹមនឹងនេះ កាលពីម្សិលមិញ ក៏មានការប្រកួត១គូទៀតផងដែរ ដែលប្រព្រឹត្តទៅ នៅម៉ោងដំណាលគ្នា នោះគឺក្រុមម្ចាស់ផ្ទះ FC Köln បានប្រកួតស្មើគ្នា ២ទល់នឹង២ ជាមួយនឹងក្រុម Mainz 05៕RT

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ