អង់គ្លេស៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានគ្រងតំណែងជើងឯកពានបើករដូវកាលអង់គ្លេស FA Community Shield 2020 បន្ទាប់ពីយកឈ្នះគូប្រជែងហង្សក្រហម Liverpool ដែលជាក្រុមខ្លាំងដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៥-៤។

ការប្រកួតដែលត្រូវបានធ្វើឡើងនារាត្រីថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២០ នៅកីឡដ្ឋាន Wembley ក្រុមរបស់លោក Mikel Arteta បានបើកការនាំមុខ ១គ្រាប់មុនចាប់ពីនាទី១២ ដល់នាទី៧៣ ពីការធ្វើបានសម្រេចរបស់ខ្សែប្រយុទ្ធ Emerick Aubameyang ក្រោយទទួលបាល់ពី Saka តែត្រូវបានខ្សែបម្រើជប៉ុន ដែលដាក់ចូលលេងវគ្គទី២ Takumi Minamino រកគ្រាប់តាមស្មើវិញនៅនាទី៧៣ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទីតែម្តង។

យ៉ាងណាមិញ ការប្រកួតនេះពុំមានថែម ១៥នាទី២ដងនោះទេ ដោយសម្រេចទាត់ប៉េណាល់ទីយកចាញ់-ឈ្នះតែម្តងនៅពេល Arsenal បានទាត់ចូលទាំង ៥គ្រាប់ រីឯ Liverpool វិញធ្វើបានសម្រេចតែ ៤គ្រាប់ប៉ុណ្ណោះក្នុងការប្រកួតបិទទ្វារ ដើម្បីបញ្ចៀសជំងឺ Covid-19។

គួរបញ្ជាក់ផងថា FA Community Shield ជាពានទី២ ក្រោមការបង្វឹករបស់អ្នកចាត់ការទូទៅអេស្ប៉ាញ Arteta បន្ទាប់ពីពាន FA Cup ដែលបានឈ្នះកាលពីដើមខែសីហានេះ ដើម្បីប៉ះ Liverpool ដែលជាជើងឯក Premier League រដូវកាលឆ្នាំ២០១៩-២០២០៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ