អឺរ៉ុប៖ ក្រុម Ajax កំពុងជួបប្រទះវិបត្តិដ៏ធំបំផុតមួយ បន្ទាប់ពីក្រុមកីឡាករជាច្រើនរូប ត្រូវបានតេស្តវិជ្ជមានកូវីដ ១៩ មុនពេលពួកគេត្រូវចូលរួមប្រកួតនៅក្នុងពានរង្វាន់ក្របខ័ណ្ឌ Champions League ជាមួយក្រុម Midtjylland នៅរាត្រីនេះ ។

ជាក់ស្តែងបើយោងទៅតាមប្រភព Daily Mail បានរាយការណ៍ចុងក្រោយ បានបង្ហាញថាកីឡាករនៅឈុតធំ ដែលមានដូចជា Dusan Tadic, Davy Klaassen, Andre Onana, Maarten Stekelenburg គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវខកខាងចូលរួមជាមួយកីឡាករចំនួន ១៧ រូបផ្សេងទៀត ដែលត្រូវធ្វើដំណើរទៅប្រទេសដាណឺម៉ាក សម្រាប់ការប្រកួតនៅវគ្គចែកពូលមួយនេះ ។

មិនតែប៉ុណ្ណោះវាត្រូវបានគេរាយការណ៍ថាកីឡាករចំនួន ១១ រូប ដោយរាប់ទាំងនៅក្នុងឈុតតូច និងឈុតធំបានឆ្លងវីរុសនេះ ហើយការធ្វើតេស្តថ្មីបន្ថែមទៀតសម្រាប់កីឡាករនៅក្នុងក្រុមទាំងមូល នឹងនៅតែបន្តធ្វើ ។

លើសពីនេះសេចក្តីថ្លែងការណ៍ របស់ក្លឹបយក្សហូឡង់មួយនេះ បានបញ្ជាក់ថា ៖ “ Ajax នឹងធ្វើដំណើរទៅកាន់ប្រទេសដាណឺម៉ាកជាមួយកីឡាករចំនួន ១៧ នាក់ សម្រាប់ការប្រកួតជាមួយក្រុម FC Midtjylland នៅថ្ងៃនេះ ។ ហើយនៅក្នុងនោះកីឡាករ Kjell Scherpen និង Brian Brobbey នឹងមានវត្តមាន ដើម្បីធ្វើសន្និសីទសារព័ត៌មានមុនការប្រកួត ” ។

បញ្ជាក់ផងដែរថាក្រុម Ajax ចាំបាច់ត្រូវដណ្តើមយក ៣ ពិន្ទុឲ្យបានពីការប្រកួតមួយនេះ ខណ:បច្ចុប្បន្នពួកគេអាចរកបានត្រឹម ១ ពិន្ទុប៉ុណ្ណោះ ដោយស្មើ ១ និងចាញ់ ១ ហើកំពុងឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងពូល D រួមជាមួយក្រុម Liverpool និង Atalanta ផងដែរ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ