ជប៉ុន៖ស្ថាប័នព័ត៌មានដ៏ធំមួយរបស់ប្រទេសជប៉ុន NHK WORLD-JAPAN បានរៀបចំអត្ថបទវិភាគយ៉ាងស៊ីជម្រៅមួយស្តីពីការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា និងបានរំលេចពីឆន្ទៈដ៏មោះមុត របស់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ឌីជីថល និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។
សារព័ត៌មាន NHK បានជួបសម្ភាសលោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិ និងបានធ្វើសេចក្តីរាយការណ៍ថា លោកជំទាវមានភាពប៉ិនប្រសប់ក្នុងការគ្រប់គ្រងនយោបាយរូបិយវត្ថុ និងជាអ្នកត្រួសត្រាយផ្លូវដ៏សំខាន់ក្នុងការបង្កើតឧបករណ៍ហិរញ្ញវត្ថុនានា ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ជាក់ស្តែង លោកជំទាវ ជា សិរី បានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុជប៉ុន Soramitsu ដើម្បីបង្កើតប្រព័ន្ធទូទាត់បាគង និងបានដាក់ឱ្យដំណើរការដោយជោគជ័យនៅឆ្នាំ ២០២០ ដែលបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់សងប្រាក់ដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆែន ។
ប្រព័ន្ធបាគងនេះបានជួយសម្រួលដល់ការផ្ទេរប្រាក់ពីធនាគារមួយទៅធនាគារមួយទៀតដោយងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាព ដែលបានសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងការទូទាត់នានាក្នុងប្រតិបត្តិការអាជីវកម្មរបស់ប្រជាជនទាំងក្នុងទីក្រុង និងតំបន់ជនបទ។
សារព័ត៌មាន NHK ក៏បានសម្ភាសជាមួយប្រជាពលរដ្ឋកម្ពុជាជាច្រើននៅតាមតំបន់ផ្សេងៗគ្នា ជាពិសេសតំបន់ដាច់ស្រយាលដែលមិនទទួលបានសេវាហិរញ្ញវត្ថុផ្លូវការពីមុនមក។ ប្រជាកសិករ អាជីវករតាមផ្សារ និងអ្នកលក់ដូរតូបតូចៗ បានស្គាល់ពីប្រព័ន្ធបាគង និងព្យាយាមប្រើប្រាស់ប្រព័ន្ធទូទាត់សងប្រាក់ឌីជីថលនេះ ដោយសារតែប្រព័ន្ធនេះបានបង្កភាពងាយស្រួលដល់ការធ្វើអាជីវកម្មរបស់ពួកគេ ចំណេញពេលវេលា និងសុវត្ថិភាព។
ជារួម សារព័ត៌មានជប៉ុន NHK បានកោតសសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធទូទាត់សងប្រាក់ឌីជីថលនៅកម្ពុជា និងចក្ខុវិស័យការងារច្បាស់លាស់របស់លោកជំទាវ ជា សិរី ក្នុងការអភិវឌ្ឍ បច្ចេកវិទ្យាហិរញ្ញវត្ថុ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ ការវិវត្តនេះ បានធ្វើឱ្យការរស់នៅរបស់ប្រជាជនមានភាពងាយស្រួល និងសម្រួលដល់ការធ្វើអាជីវកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងប្រសិទ្ធភាព៕