នារសៀល ថ្ងៃចន្ទ ទី១៣ ខែកុម្ភះ ឆ្នាំ២០២៣ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីក្នុងទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងទិវាជនពិការ អន្តរ ជាតិលើកទី៤០ ក្រោមប្រធានបទ"ពិការភាពទាំងអស់មិនអាចកំណត់ដោយការមើលនិងភ្នែកនោះទេ"។ មានការអញ្ជើញចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ  លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំ វិញខេត្ត ព្រមទាំងបងប្អូនជនមានពិការភាពផងដែរ ពិធីនេះប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្ត។ 

នៅក្នុងឱកាសនោះលោក ស្វាយ  សំអ៊ាង  បានអានសារលិខិតសម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០។ 


លោក ស្វាយ  សំអ៊ាង មានប្រសាសន៍សំណេះសំណាលសាកសួរសុខទុក្ខបងប្អូនជនពិការ ទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។ ជាមួយគ្នានេះ ឯកឧត្តម បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា ប្រារព្ធទិវាជនពិការកម្ពុជាលើកទី២៤នេះឡើង គឺដើម្បីរំលឹកគុណូបការដល់វិរជនស្នេហាជាតិ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជា ក្នុងរបបប្រល័យពូជសាសន៍ ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុងនោះរួមមាន ស្រ្តីមេម៉ាយ កុមារកំព្រា ជនពិការ ព្រមទាំងគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ