ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ប្រារព្ធពិធីអបអរសាទរខួបលើកទី ១១២ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគ្គសម័យឌីជីថល”
នាព្រឹកថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបានសហការជាមួយមន្ទីរកិច្ចនារីខេត្តស្ទឹងត្រែងបានរៀបចំអបអរសាទរទិវាខួបលើកទី១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគ្គសម័យឌីជីថល” ក្រោមអធីបតីភាពលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថាការប្រារព្ធពិធីអបអរសាទរខួបទី ១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុង យុគ្គសម័យឌីជីថល»មានគោលបំណងបន្តពង្រឹងពង្រីកភាពរឹងមាំ និងរំលេចនូវតម្លៃនៃ ការចូលរួមរបស់ស្ត្រី ដែលមិនអាចកាត់ថ្លៃបានក្នុងការថែរក្សាសុខសន្តិភាព និងសុខដុម នីយកម្មសង្គមជាតិប្រកបដោយឧត្តមភាព ក៏ដូចជាបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុង ការពន្លឿនដោយចីរភាព និងនិរន្តរភាពនៃកិច្ចអភិវឌ្ឍលើគ្រប់វិស័យក្នុងភាពជាដៃគូ ប្រជាពលរដ្ឋកម្ពុជាទាំងស្ត្រី និងបុរស នឹងចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសនានាទាំងក្នុងតំបន់ និងទូទាំងសកលលោក។
ជាពិសេសនៅក្នុង បរិបទនៃយុគសម័យឌីជីថល និងនៅក្នុងរង្វង់របៀបវារៈនៃបរិការណ៍ស្ដារសេដ្ឋកិច្ចសង្គម ក្រោយវិបត្តិកូវីដ-១៩ និងការកសាងភាពធន់រឹងមាំ និងការអភិវឌ្ឍប្រកបដោយភាព ជឿនលឿន-ស៊ីវិល័យ និងសេចក្តីថ្លៃថ្នូរ ដែលរាជរដ្ឋាភិបាលកម្ពុជាយើងសម្រេចបាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ ប៉ិនប្រសប់ និងភាពអង់អាចបំផុតរបស់សម្តេចអគ្គមហារសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក អភិបាលខេត្តបានប្រកាសបន្តគាំទ្រ និងប្រែក្លាយ ស្មារតីនៃខ្លឹមសារប្រធានបទ «ការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល» ឱ្យក្លាយទៅជាសកម្មភាពជាក់ ស្តែងដើម្បីឈានទៅសម្រេចបានស្របតាមគោលដៅគោលនយោបាយជាតិដើម្បីស្ត្រី៕