ខេត្តស្ទឹងត្រែង៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ណែនាំដល់សិស្សានុសិស្ស និង ជាយុវជនបន្តវេន ត្រូវកសាងខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ និងយុវជនល្អ និងត្រូវខិតខំហាត់ពត់ លត់ដំ ព្យាយាមតស៊ូរៀនសូត្រ ទើបមានអនាគតល្អ ដែលអាចក្លាយជាថ្នាក់ដឹកនាំទៅថ្ងៃអនាគត ដើម្បីជួយ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ 


ប្រសាសន៍ណែនាំរបស់លោកអភិបាលខេត្ត ធ្វើឡើងក្នុងឱកាសអញ្ជើញអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់ សិស្សនិទ្ទេសA ដែលបានប្រឡប់ជាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យ ប្រឡង ៥ ធ្នូ ២០២២ ដើម្បីលើកទឹកចិត្ត និងតម្រង់ទិសដល់សិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋល្អ ជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិនាពេលខាងមុខ។ 

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត អភិបាលអភិបាលរងក្រុង ស្រុក នាយក នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត នាយក ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ប្រធាន ស.ស.យ.ក, យុវជន ស.យ.ស.ស នាយក សាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត។

លោកអភិបាលខេត្ត បានអបអរសាទរដល់សិស្សានុសិស្សដែលជាជ័យលាភីប្រឡងជាប់សញ្ញបត្រ មធ្យមសិក្សាទុតិយភូមិទាំង ៣រូបនេះ និងបានថ្លែងអំណរគុណចំពោះអាជ្ញាធរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី ក្នុង ការ ជួយជំរុញ និងបង្ហាត់បង្រៀនកូនបន្ថែមនៅតាមផ្ទះ ដើម្បីធ្វើយ៉ាងណាឱ្យសិស្សានុសិស្សបានក្លាយជា ពលរដ្ឋល្អ ជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ។ 

សូមបញ្ជាក់ថា រង្វាន់ដែលប្រគល់ជូនសិស្សនិទ្ទេស A ចំនួន ៣នាក់ ដោយសិស្សម្នាក់ៗទទួលបាន រួម មាន៖ សិស្សានុសិស្សនិទ្ទេស A ចំនួន ៣នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ៤.៤០០.០០០រៀល ក្នុង នោះ ថវិការដ្ឋបាលខេត្ត ៦.០០០.០០០រៀល, ថវិកាផ្ទាល់របស់ឯកឧត្តម ស្វាយ សំអ៊ាង និងលោក ជំ ទាវ ៦.០០០.០០០រៀល និងថវិកាស.ស.យ.ក.ខេត្តចំនួន ១.២០០.០០០រៀល។ លោកគ្រូ អ្នកគូ្រ ចំនួន៥០ នាក់ ក្នុងម្នាក់ៗទទួលថវិកាចំនួន ២៥០.០០០រៀល ក្នុងនោះ ថវិការដ្ឋបាលខេត្ត ៥.០០ ០. ០០០រៀល, ថវិកាផ្ទាល់របស់ឯកឧត្តម ស្វាយ សំអ៊ាង និងលោកជំទាវ ៥.០០០.០០០រៀល និងថវិកា ស.ស.យ.ក.ខេត្ត ២.៥០០.០០០រៀល។ សិស្សានុសិស្សចំនួន ១០០នាក់ ក្នុងម្នាក់ ៤០.០០០រៀល ថវិកាសរុបស្មើនឹង ២៩.៧០០.០០០រៀល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ