វៀតណាម៖ មនុស្ស៤នាក់ ត្រូវបានកាត់ទោសប្រហារជីវិតនៅទីក្រុងព្រៃនគរ(ហូជីមិញ) កាលពីថ្ងៃព្រហស្បតិ៍ទី២៨កញ្ញា ពីបទរត់ពន្ធគ្រឿងញៀន១២គីឡូក្រាម ពីប្រទេសកម្ពុជាទៅវៀតណាម។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានVnexpressនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

លោក វូ ត្រុងងៀ Vu Trong Nghia អាយុ២៨ឆ្នាំ និងគូស្នេហ៍របស់គាត់ឈ្មោះ ត្រាន់ ធីត្រាង Tran Thi Trang អាយុ៣១ឆ្នាំ ដែលជាមេក្លោងត្រូវបានកាត់ទោសប្រហារជីវិតដោយតុលាការប្រជាជនទីក្រុងព្រៃនគរ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងការរក្សាទុកអាវុធយោធាខុសច្បាប់។ 

កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ លោក ងៀ បានមកប្រទេសកម្ពុជា ដើម្បីទាក់ទងជាមួយមនុស្សម្នាក់ឈ្មោះ អាជី A Chia ដើម្បីទិញថ្នាំញៀន។ ចាប់ពីខែមករា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០១៩ លោក ងៀបានទិញថ្នាំញៀនចំនួន១២គីឡូក្រាមពីបុគ្គលឈ្មោះអាជី បន្ទាប់មកបានប្រគល់ឱ្យនាង ត្រាង និងបក្ខពួកផ្សេងទៀតចែកចាយបន្ត។

 នៅក្នុងកិច្ចព្រមព្រៀង ក្រោយមក លោក ងៀ បានជួលឈ្មោះ សឺន និង វឺយ មកប្រទេសកម្ពុជា ដើម្បីយកគ្រឿងញៀនត្រឡប់ទៅវៀតណាមវិញ។ លោក ងៀ ក៏បានទិញកាំភ្លើងឱ្យឈ្មោះ សឺន និង វឺយ ចំនួន១ដើម និងគ្រាប់កាំភ្លើង១១គ្រាប់សម្រាប់ការពារខ្លួន។ ព្រះរាជអាជ្ញាបានបញ្ជាក់ថា លោក សឺន បានដឹកជញ្ជូនគ្រឿងញៀនពីកម្ពុជាទៅកាន់ប្រទេសវៀតណាមចំនួន៤ដង ហើយទទួលបានកម្រៃជើងសារចំនួន១០០លានដុង (៤០៩៨ដុល្លារ)។ ចំណែក លោក វឺយ ធ្វើដូច្នេះបានប្រាំដង ហើយទទួលបានកម្រៃជើងសារចំនួន១១៥លានដុង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ