អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថារថក្រោះប្រយុទ្ធអាមេរិក Abrams ត្រូវបានប្រគល់ដល់ដៃ អ៊ុយក្រែនហើយ ដែលនេះនឹងជួយពង្រឹងបន្ថែមនូវសមត្ថភាពកងកម្លាំងទីក្រុងកៀវ ខណៈពួកគេកំពុងព្យាយាមវាយទម្លុះខ្សែការពារនៃ កងកម្លាំងរុស្ស៉ី។
ការប្រកាសរបស់លោក ហ្សេលេនស្គី កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីយោធាអ៊ុយក្រែនអះអាងថាខ្លួន បានសម្លាប់មេបញ្ជាការម្នាក់នៃកងទ័ពជើងទឹករុស្ស៉ីប្រចាំតំបន់សមុទ្រខ្មៅ នៅក្នុងការវាយប្រហារដោយមីស៊ីលមួយគ្រាប់លើទីស្នាក់ការ កងទ័ពជើងទឹករុស្ស៉ីនៅតំបន់គ្រីមៀ កាលពីសប្ដាហ៍មុន។
លោក ហ្សេលេនស្គី មិនបានបញ្ជាក់ថាតើអ៊ុយក្រែនទទួលបានរថក្រោះ Abrams ប៉ុន្មានគ្រឿងនោះទេ ហើយក៏មិនបានឱ្យដឹងថាតើត្រូវប្រើពេលប៉ុន្មាន ដើម្បីបញ្ជូនរថក្រោះអាមេរិកដ៏ទំនើបមួយនេះទៅប្រើ នៅឯសមរភូមិនោះដែរ។
សូមបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បានសន្យាផ្ដល់រថក្រោះ Abrams ចំនួន ៣១គ្រឿងសម្រាប់អ៊ុយក្រែន កាលពីដើមឆ្នាំ២០២៣ នៅក្រោមក្របខណ្ឌនៃជំនួយយោធាទំហំ ៤៣ពាន់លានដុល្លារ ដែលសន្យាផ្ដល់ដោយសហរដ្ឋអាមេរិក ចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២មក៕